(ប៉ារីស)៖ ខណៈចលនាបាតុកម្មអាវកាក់ពណ៌លឿង នឹង​បន្តឈានចូលដល់​សប្តាហ៍ទី ១៩ នាថ្ងៃសៅរ៍នេះ​នៅប្រទេស​បារាំង កងទ័ព​ត្រូវបានដាក់ពង្រាយ​នៅក្នុងទីក្រុង​ប៉ារីស ដើម្បីជួយ​ឲ្យកម្លាំងប៉ូលិស ផ្តោតការយកចិត្តទុកដាក់បានល្អជាងមុន ក្នុងការរក្សាសណ្តាប់ ធ្នាប់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ការធ្វើបាតុកម្មរបស់ចលនាក្រុមអាវកាក់​ពណ៌លឿង​ត្រូវគេរំពឹងថា នឹងបន្តកើតឡើង នាចុងសប្តាហ៍នេះ​នៅប៉ារីស ទោះបីនាយករដ្ឋមន្រ្តីបារាំង​លោក អេដូអាដ ហ្វីលីព (Edouard Phillippe) បានប្រកាសចេញបម្រាម​ហាមឃាត់ មិនឲ្យមានសកម្មភាព​តវ៉ានៅតាមបណ្តាយ​ដងវិថី ហ្សាំអេលីហ្សេ (Champs-Elysses) ឬតំបន់ជុំវិញ​នោះ​ក៏ដោយ ក្រោយអំពើ​ហិង្សាបានផ្ទុះឡើង​ កាលពីបាតុកម្ម​ថ្ងៃសៅរ៍​សប្តាហ៍​មុន។

បើតាមអ្នកនាំ​ពាក្យរដ្ឋាភិបាល​បារាំង លោក បង់ហ្សាម៉ង់ គ្រីវ៉ក់ (Benjamin Griveaux) កងទ័ព​នៃប្រតិបត្តិការ Operation Sentinelle ដែលធ្លាប់ត្រូវ​បាន​ដាក់ពង្រាយ​សម្រាប់​កិច្ចការពារប្រឆាំង​អំពើភេរវកម្ម ក្រោយការ​វាយប្រហារ​ពីភេរវកម្មកាលពី​ឆ្នាំ២០១៥នោះ ត្រូវបានដាក់​ពង្រាយ​សាជាថ្មី ដើម្បីជួយដល់​ការរក្សាសណ្តាប់ធ្នាប់​សាធារណៈ​ក្នុងអំឡុងការ​ធ្វើបាតុកម្មរបស់ចលនា​អាវកាក់ពណ៌លឿង នា​ចុងសប្តាហ៍​នេះ ដូចជាការដើរ​ល្បាតផ្លូវ​ការពារអាកាសយានដ្ឋាន ស្ថានីយរថភ្លើង កន្លែងទី​សក្ការៈបូជា និងទីតាំង​ផ្សេងៗ​ទៀត។

ទាក់ទិនការដាក់ពង្រាយទ័ពនេះ​ប្រធានាធិបតីបារាំង​លោក អេមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានគូសបញ្ជាក់ថា កងកម្លាំងយោធានឹង​មិនចូល​រួម​ធ្វើ សកម្មភាពផ្ទាល់​ក្នុងការរក្សាសណ្តាប់ធ្នាប់​សាធារណៈឡើយ ព្រោះវាគឺជាការងារ​របស់​ក្រុម ប៉ូលិស។ បេសកកម្ម​របស់​ពួកគេ គឺប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និងការ​ពារ​ទីតាំងសំខាន់ៗ។ នៅក្នុង​ប្រទេសបារាំង​កងទ័ពពុំមានតួនាទី​ត្រួតត្រា លើការ​រក្សាសណ្តាប់​ធ្នាប់ សង្គមឬការអនុវត្តន៍​ច្បាប់ឡើយ។

គួរជម្រាបថា ចលនាបាតុកម្ម​អាវកាក់ពណ៌លឿង បានកើតមានជាលើក​ដំបូងកាលពីពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បី​សម្តែង ការតវ៉ាចំពោះ​គម្រោងដំឡើង​ពន្ធសាំង-ម៉ាស៊ូត របស់រដ្ឋាភិបាលបារាំង ហើយក្រោយវា​បានបន្តប្រព្រឹត្តទៅប៉ុន្មាន​សប្តាហ៍ជាប់ៗគ្នា រដ្ឋាភិបាលបារាំង​ក៏បានលុបចោល​ផែនការនេះ និងបានផ្តល់សម្បទាន​មួយ​ចំនួនផ្សេងទៀត ប៉ុន្តែទោះជាបែបនេះ​ក្តីការធ្វើបាតុកម្ម​រាល់ថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ នៅតែបន្តប្រព្រឹត្តទៅ៕