(ដាម៉ាស់)៖ កងកម្លាំង​ប្រជាធិបតេយ្យស៊ីរី SDF ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រកាសនាថ្ងៃសៅរ៍នេះថា ​​ក្រុមភេរវករ ISIS ​​ត្រូវបានកម្ចាត់ចេញពី​មូលដ្ឋានស្នូលចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរីហើយ គឺនៅតំបន់ Baghouz។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

កងកម្លាំង SDF បានប្រកាសថាជ័យជម្នះនេះ គឺជាទីបញ្ចប់​​នៃរដ្ឋ Caliphate របស់ពួក ISIS ដែលកន្លងមកនេះ​​ មានផ្ទៃដីលាតសន្ធឹង​​​យ៉ាងធំធេងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយបានប្តេជ្ញាថានឹងបន្តយុទ្ធនាការទៅមុខទៀត ដើម្បីតាម​កម្ទេច​​កោសិកា ISIS ដែល​នៅ​សេសសល់រប៉ាត់រប៉ាយ រហូតទាត់ក្រុមភេរវករនេះលែងមានវត្តមានទាំងស្រុងតែម្តង។​

គួរជម្រាបថា ទោះការកម្ចាត់ពួក ISIS នៅតំបន់ Baghou គឺជាការបិទបញ្ចប់រដ្ឋ Caliphate ដែលបានវាតទីលើ​ប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដែលក្រុមភេរវករនេះបានប្រកាសបង្កើតឡើង​ដោយខ្លួនឯង​កាលពីឆ្នាំ២០១៤ក្តី ISIS នៅតែជាការគំរាមកំហែង​ពុំអាចប្រហែស​បាន​មួយដដែល។ ​សមាជិកមួយចំនួនរបស់ ISIS នៅបន្តមានវត្តមានតាមតំបន់វាលខ្សាច់ដាច់ស្រយាលនៅភាគកណ្តាលស៊ីរី រីឯនៅ​តាមទីក្រុងនៃប្រទេសអ៊ីរ៉ាក់ ពួកគេបានពួនសំងំដើម្បីធ្វើសកម្មឆ្មក់វាយប្រហារឬចាប់ជំរិត និងរង់ចាំឱកាសដើម្បីប្រមូលកម្លាំង​ងើប​ឡើងវិញ៕