(ព័រអូព្រីន)៖ ទោះបីជាក្រោយគេបន្តិចមែន ប៉ុន្តែប្រទេសហៃទី​នៅចេញបម្រាម ដោយ​មិនអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX ហោះចូលមកដែនអាកាស ឬចុះចត​នៅប្រទេស​របស់ខ្លួន​នោះឡើយ ខណៈដែលការសន្និដ្ឋាន​ជាបឋមបានឲ្យដឹងថា មូលហេតុ​ធ្លាក់​​នៃ​យន្តហោះនេះទាំងពីរគ្រឿង​នៅឥណ្ឌូណេស៊ី និងអេត្យូពីនោះ បណ្តាលមក​ពីកត្តាដូចគ្នា នោះគឺ​ទៅលើបញ្ហា​នៃប្រព័ន្ធគ្រប់គ្រង​ការហោះ​ហើរ​ស្វ័យប្រវត្តិ។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នារសៀល​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សម្រាប់ត្រកូល​យន្តហោះរបស់​ក្រុមហ៊ុន ​អាមេរិក ដែល​ត្រូវបាន​អាជ្ញាធរ​សុវត្ថិភាពអាកាសចរណ៍ហៃទីធ្វើការហាមនោះគឺ Boeing 737-8 MAX និង Boeing 737-9 MAX ដែលចំណាត់ការនេះធ្វើឡើង​ក្រោយពីប្រទេសស្ថិតនៅតំបន់អាមេរិក​កណ្តាលនេះ​មើលឃើញថា វាអាចមានលទ្ធភាពបង្កបញ្ហា៕