(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃសុក្រ​បាន​បញ្ចេញ​រូបភាព​ពីផ្កាយរណប​នៃបន្ទុះ​អាចម៍ផ្កាយមួយ​​នៅលើផ្ទៃសមុទ្រ Bering ចន្លោះ​ភាគខាងកើតរុស្ស៊ី និងរដ្ឋអាឡាស់ស្កា​សហរដ្ឋអាមេរិក​កាលពីខែធ្នូ ឆ្នាំ២០១៨ ដែលពុំមាននរណាដឹង​ឡើយរហូត​ទាល់​តែ​មក​​​ដល់ពេលនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

បន្ទុះអាចម៍​ផ្កាយនោះ​បានបញ្ចេញ​ថាមពល​ប្រមាណ ១៧៣គីឡូតោន ដែលខ្លាំងជាង​គ្រាប់បែកបរមាណូ​ ទម្លាក់​​លើ​​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​​​ប្រទេសជប៉ុន កាលពីសម័យ​សង្រ្គាមលោកលើកទីពីរ​​ដល់ទៅជាង ១០ដងឯណោះ។ ព្រឹត្តិការណ៍នេះ​ត្រូវបានថតយក​បានដោយ​ឧបករណ៍​ចំនួនពីរ នៅលើផ្កាយរណប​ឈ្មោះថា Terra របស់​​អង្គការ NASA ហើយក្នុងរូបភាព​ទាំងនោះ ​បាន​បង្ហាញឲ្យ​ឃើញពី​ដាន​សម្រោល​​របស់​អាចម៍ផ្កាយនៅ​លើផ្ទៃពពក ព្រមទាំង​ដុំភ្លើង។

គួរជម្រាបថា អាចម៍ផ្កាយ​ (Asteriod) ឬអាចម៍ផ្កាយ​ដុះកន្ទុយ (Comet) ដែល​ចូលមក​ក្នុង​បរិយាកាសផែនដីត្រូវគេ​ហៅថា Meteor ឬក៏ Shooting Star ខណៈបំណែក​នានារបស់វាដែលមិន​ឆាបឆេះអស់ ហើយធ្លាក់​មកដល់លើ​ផ្ទៃផែនដីត្រូវគេហៅថា Meteorite។ ​ហេតុការណ៍​ផ្ទុះអាចម៍ផ្កាយ​ខាងលើ ​គឺជាបន្ទុះដ៏ខ្លាំងក្លា​បំផុត​គិតចាប់តាំងពី​​ព្រឹត្តិការណ៍​ផ្ទុះអាចម៍ផ្កាយ​នៅក្រុង Chelyabinsk របស់​រុស្ស៊ី​​កាលពី​ឆ្នាំ២០១៣។
ទោះជាបែប​នេះក្តី ទំហំរបស់អាចម៍ផ្កាយ​ខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ជាក់​នោះ​ឡើយ ប៉ុន្តែវាជារឿង​ដែលមហាសំណាង​បំផុត ដោយសារ​វាមិនបានធ្លាក់​ទៅចំ​កន្លែងដែលមាន​មនុស្ស​រស់នៅ ឬបង្កទៅជារលកយក្ស​ស៊ូណាមិ ដែល​គម្រាមកំហែង​ដល់ជីវិតមនុស្ស៕