(វ៉ាស៊ីនតោន)៖ នាយសេនាធិការ​ចម្រុះកងទ័ព​អាមេរិក លោក ចូសេព ដុនហ្វដ (Joseph Dunford) ​បានបញ្ជាក់ឲ្យដឹងថា លោកគ្រោងនឹងណែនាំក្រុម​ហ៊ុន Google ​​អំពីហានិភ័យ​​នៃការរកស៊ីជា​មួយប្រទេស​ចិន។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ដោយព្រួយបារម្ភ​អំពីលទ្ធភាពដែលរដ្ឋាភិបាលចិន អាចលួចយក​​បច្ចេកវិទ្យាអាមេរិក តាមរយៈការធ្វើ​អាជីវកម្មរបស់ Google នៅ​ក្នុងប្រទេស​ចិន ដើម្បី​ប្រើប្រាស់វា​ទៅអភិវឌ្ឍន៍​វិស័យយោធា​របស់ខ្លួនឲ្យខ្លាំងក្លា​នោះ លោក Dunford បានបញ្ជាក់ថា រូបលោកនឹង​លើកយកបញ្ហានេះ​ទៅពិភាក្សា​ ក្នុងជំនួប​មួយជាមួយ​បណ្តាថ្នាក់ដឹកនាំ​​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សនេះ​នាសប្តាហ៍ក្រោយ។

លោក Dunford បាន​​និយាយថា បណ្តាក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិក​ទាំងអស់​ត្រូវតែដឹង​ឲ្យច្បាស់ថា នៅពេលដែល​ពួកគេ​​ធ្វើការរក​ស៊ីជា​មួយ​​ប្រទេសចិន គឺវាតែងតែមាន​ឱកាសមួយថា ចំណេះធ្វើរបស់ពួកគេ​ជាពិសេសនោះ​គឺកម្មវីធី AI (បញ្ញាសិប្បនិម្មិត) ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​​ៗ​​ឯ​ទៀតៗ​ អាចត្រូវលួច​យកទៅ​ប្រើប្រាស់​ក្នុ​ង​វិស័យយោធា​របស់ចិន។​

គួរជម្រាបថា ​ក្នុងសវនាការដេញដោល​មួយ​​នៅព្រឹទ្ធសភាកាលពី​សប្តាហ៍មុន មេទ័ពអាមេរិករូបនេះ​ក៏បាន​ទទូចផងដែរ​ថា Google កំពុងតែផ្តល់​អត្ថប្រយោជន៍ដោយ​ប្រយោលដល់​​យោធាចិន តាមរយៈចំណង​អាជីវកម្ម​ជាមួយ​ប្រទេសចិន​ហើយ​​​ក្រុមហ៊ុន Google ក៏​បានទទួលរង​ការរិះគន់ពីសំណាក់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហោះ​សារ​កាលពីចុងសប្តាហ៍​មុនថា ​ក្រុមហ៊ុន​បច្ចេកវិទ្យានេះ កំពុងតែជួយចិន​ធ្វើឲ្យយោធារបស់​ពួកគេ កាន់តែរីកចម្រើន​ជឿនលឿន​ខ្លាំងឡើង៕