(ប៉េកាំង)៖​ ខណៈដែល​ករណីផ្ទុះរោងចក្រ​គីមី មិនទាន់​​ត្រូវបានរកឃើញអ្នក​ស្លាប់អស់ផង ពេលនេះ​នៅខេត្តហ៊ូណាន (Hunan) ឯណេះវិញគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែល​មានការចូលរួមដោយរថយន្តក្រុងដឹកអ្នកដំណើរធុនធំមួយគ្រឿង បានបណ្តាលឲ្យមនុស្ស​សរុប ២៦នាក់ស្លាប់ និង ២៨នាក់ទៀតរងរបួសធ្ងន់-ស្រាល។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រ ដោយ​ក្រោយ​ពីជួបគ្រោះថ្នាក់ភ្លាមៗ​​រថយន្តក្រុងខាងលើនេះ បានឆាបឆេះឡើង​តែម្តងនៅក្នុងទីក្រុង ឆាងដេ (Changde) នៃខេត្ត Hunan។ អាជ្ញាធរនៅតំបន់​កើតហេតុ​បានអះអាង​នៅព្រឹក​ថ្ងៃសៅរ៍នេះថា នៅពេលកើតហេតុ​នោះ​​រថយន្តក្រុងខាងលើមានផ្ទុកអ្នកដំណើរ ៥៣នាក់ និងតៃកុងម្នាក់ព្រមទាំងជំនួយ​ការ​ម្នាក់។

គួរបញ្ជាក់ថា មូលហេតុ​ដែលបានបង្កទៅជាគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏គួររន្ធត់នេះ មិនទាន់​ត្រូវបាន​បញ្ជាក់នោះឡើយ។ នេះជាសោកនាដកម្ម​ដែលបានកើតមានឡើងពីរថ្ងៃ​ជាប់ៗគ្នា បន្ទាប់ពីការ​ផ្ទុះរោងចក្រគីមីនៅតំបន់​ជាំងស៊ូកាលពី​ថ្ងៃព្រហស្បតិ៍ ដែលបាន​ផ្តាច់ជីវិតមនុស្ស​សរុបមកទល់​ពេលនេះ​គឺជាង ៦០នាក់ និងអាច​មានអ្នកស្លាប់បន្ថែមទៀត ដោយសារតែ​មនុស្ស​មួយចំនួន​បន្តបាត់ខ្លួន និង​ជាង ៦០នាក់​កំពុងស្ថិតក្នុងស្ថានភាពរបួស​ធ្ងន់ធ្ងរខ្លាំង៕