(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ (ពេលវេលា​នៅ​អាមេរិក) បានឲ្យដឹងថា រូបលោក​បាន​ចេញ​​បញ្ជាឲ្យលុបចោល​កញ្ចប់ទណ្ឌកម្មថ្មី ដែលក្រសួងហិរញ្ញវត្ថុ​អាមេរិកទើបបាន​ប្រកាសដាក់​ពាក់ព័ន្ធជាមួយ​កូរ៉េខាងជើងវិញ​ហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើបណ្តាញ​សង្គម Twitter លោក ត្រាំ បាននិយាយ​យ៉ាងដូច្នេះថា «ក្រសួងហិរញ្ញវត្ថុ​បានប្រកាសពីកញ្ចប់​ទណ្ឌ​កម្មថ្មី ដែលនឹងត្រូវដាក់​បន្ថែមទៅលើ​ប្រទេស​កូរ៉េខាងជើង ប៉ុន្តែថ្ងៃនេះ​ខ្ញុំក៏​បានចេញបញ្ជាឲ្យ​ដក​កញ្ចប់ទណ្ឌកម្ម​ថ្មី​នេះ​​ចេញវិញ​ផងដែរ​»។ លោក ត្រាំ ទំនងជាចង់​សំដៅលើទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍របស់​​ក្រសួងហិរញ្ញវត្ថុ​អាមេរិក ទៅលើក្រុមហ៊ុន​​ចិន​ចំនួន​ពីរ ដែលរងការចោទប្រកាន់ថា បានជួយកូរ៉េខាងជើង​​គេចវេស​ពីទណ្ឌកម្ម​អន្តរជាតិ ដែលមានគោលដៅ​ដាក់សម្ពាធ​​​ទីក្រុង​ព្យុង​យ៉ាងឲ្យបោះបង់ចោល​ កម្មវិធីអាវុធនុយក្លេអ៊ែរ​របស់ខ្លួន។

ជុំវិញការបង្ហោះសារ​របស់លោក ត្រាំ អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បាននិយាយថា ​​លោក ត្រាំ ចូល​ចិត្ត​លោក គីម ហើយលោក​គិតថា ការដាក់ទណ្ឌកម្មបន្ថែមបែបនេះ​គឺជារឿងមិនចាំបាច់​នោះឡើយ ប៉ុន្តែ​លោកស្រីពុំ​បានបញ្ជាក់ច្បាស់​​​ថា​លោក ដូណាល់ ត្រាំ ចង់និយាយ​ពីកញ្ចប់ទ​ណ្ឌកម្មណា​ឲ្យប្រាកដឡើយ ដែលប្រការនេះ​មិនបានបង្កឲ្យមានភាពប្រពេច​ស្រពិលបន្តិច។

គួរជម្រាបថា ការប្រកាស​ពីទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុ​អាមេរិកនៅថ្ងៃព្រហស្បតិ៍ ​គឺជាសញ្ញាថ្មីលើកដំបូង គិតចាប់តាំងតែពី​​​​​​កិច្ច​ប្រជុំ​រវាង​លោក ត្រាំ និង លោក គីម នៅហាណូយ បានបញ្ចប់ទៅដោយបាតដៃទទេកាលពីជិតមួយខែមុន។ នៅក្នុង​កញ្ចប់​ទណ្ឌកម្មថ្មីនោះបានចោទក្រុមហ៊ុនចិនចំនួនពីរថា បានលួចដឹកនាំ​​ប្រេងជាង ៦០កប៉ាល់​ឲ្យទៅ​កូរ៉េខាងជើង និង​ដោះដូរ​មកវិញនូវធ្យូងថ្ម​ជាដើម៕