(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់​ក្នុងហេតុការណ៍​ ផ្ទុះរោងចក្រផលិតសារធាតុគីមី​​មួយកន្លែង នៅខេត្ត ជាំងស៊ូ (Jiangsu) ភាគខាងកើត​​​ប្រទេស​ចិន បានកើនដល់​យ៉ាងហោចណាស់ ៦២នាក់ហើយ និងជាច្រើននាក់ទៀត​រងរបួសធ្ងន់។ នេះបើតាម​សេចក្តីរាយការណ៍​នៃប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកចិន ដកស្រង់ដោយ​​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ក្នុងចំណោម​អ្នកដែលបាត់បង់ជីវិត​មាន ២៦នាក់ត្រូវបាន​កំណត់អត្តសញ្ញាណ។ ជាមួយគ្នានេះ​មនុស្សយ៉ាងហោច ​​៣៤នាក់​​កំពុង​​បន្តស្ថិតក្នុងស្ថានភាព​របួសមធ្យម ខណៈ៦០នាក់រងរបួសធ្ងន់តែម្តង។ ​ហេតុការណ៍ផ្ទុះ​​ខាងលើបានកើតឡើង​នៅរោងចក្រគីមី ធានជាជី (Tianjiaji) កាល​ពីរសៀល​ថ្ងៃព្រហស្បតិ៍​ ហើយ​មនុស្ស​យ៉ាងតិច ៦៤០នាក់ ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ក្រោយពេល​កើតហេតុ។

គួរជម្រាបថា សម្រាប់មូលហេតុ​ដែលបង្កឲ្យមានគ្រោះ​ថ្នាក់ខាងលើ ពុំទាន់ត្រូវបានអាជ្ញាធរ​ចិនរកឃើញនៅឡើយទេ ខណៈ​វា​មិន​មែន​​​ជា​លើកទីមួយឡើយ ដែលចិនបានជួបប្រទះ​ការផ្ទុះរោងចក្រ​យ៉ាងកក្រើក​បែបនេះ៕