(ប៉េកាំង)៖ ក្រសួងការពារជាតិចិននាថ្ងៃសុក្រ បានចោទសហរដ្ឋអាមេរិកថា កំពុងតែព្យាយាមដោយចេតនា បំប៉ោងថាមានការ​គំរាមកំហែងខ្លាំង​ពីសំណាក់ប្រទេសចិនរួមទាំងប្រជាជាតិដទៃទៀត ដើម្បីបានលេសបង្កើនការចំណាយលើវិស័យយោធា​របស់​ខ្លួន​​ឲ្យ​កាន់តែច្រើនសន្ធឹកសន្ធាប់ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបានបញ្ជាក់ជាថ្មីម្តងទៀត អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួនចំពោះការដើរ​លើ​គន្លង​ផ្លូវ​​នៃសន្តិភាព ហើយបានលើកឡើងថា សហរដ្ឋអាមេរិក​ចូលចិត្តណាស់រឿងនិយាយបំប៉ោង អំពីការគំរាមកំហែងដែល​ខ្លួនអះអាងថា​កាន់តែធំឡើងៗ​​​ពីសំណាក់ប្រទេសចិន។

ក្នុងនោះក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងបានកត់សម្គាល់ឃើញថា នៅពេលណាដែល​ក្រសួងការពារ​ជាតិអាមេរិកចង់បានការចំណាយកាន់តែច្រើន នៅពេលនោះហើយដែលស្ថាប័ននេះ​ព្យាយាមទាញផលប្រយោជន៍ដាក់ខ្លួន តាម​រយៈ​ការនិយាយបំផ្លើស​ពី​ការគំរាមកំហែង​ដែលបង្កឡើងពីសំណាក់ប្រទេសដទៃៗទៀត ដែលទង្វើនេះគឺជា​ការគិតឃើញខ្លី និង​គ្រោះ​ថ្នាក់បំផុតមួយ»។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិចិនបានទទូចឲ្យ​សហរដ្ឋអាមេរិកលះបង់ចោលនូវការគិត​ ដូចកាលពីសម័យ​សង្រ្គាមត្រជាក់ ​ហើយ​ងាកទៅបោះជំហានដើម្បីលើកកម្ពស់​ការអភិវឌ្ឍដែលប្រកបដោយស្ថិរភាពល្អប្រសើរ​នៃ​ទំនាក់ទំនងរវាងយោធា​ប្រទេស​ទាំង​ពីរ​វិញ។

គួរជម្រាបថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ភាគច្រើនបាននិយាយថា ពួកគេ​ពិតជាចង់បាន​ទំនាក់ទំនង​យោធា​និង​យោធា​​ដែលល្អសមរម្យមួយ ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាដោយតានតឹងជាច្រើនលើក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ជាពិសេសនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ផងដែរថា សំណើកញ្ចប់ថវិកាវិស័យការពារជាតិរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ឆ្នាំសារពើពន្ធ​២០២០ (ពីដើមខែធ្នូ ឆ្នាំ២០១៩ ដល់ចុងខែកញ្ញា ឆ្នាំ២០២០) គឺមានទំហំដល់ទៅ៧៥០ពាន់លានដុល្លារ ខណៈចិនវិញគឺមានទំហំ​ត្រឹម១៧៧ពាន់លានដុល្លារ៕