(ព្រុចសែល)៖ បណ្តាថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុបនិង នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នាថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះ (ពេលវេលានៅប្រទេសប៊ែលហ្សិក) បានព្រមព្រៀងគ្នាលើការពន្យារពេលដែលមានរយៈពេលខ្លី សម្រាប់នីតិវីធីនៃការលែង លះរបស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) ក្រោមក្តីសង្ឃឹមថាដំណើរការនេះនឹងអាចប្រព្រឹត្តទៅដោយមានរបៀប រៀប រយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

តាមការគ្រោងទុកចក្រភពអង់គ្លេស នឹងត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ពោលគឺនៅសប្តាហ៍ក្រោយនេះឯង ប៉ុន្តែក្រោយកិច្ចព្រមព្រៀង Brexit នៅតែមិនអាចទទួលបានសច្ចាប័នពីសភាអង់គ្លេង លោកស្រី May ក៏ បាន សម្រេចស្នើ មក កាន់ EU (សហ ភាពអឺរ៉ុប) ដើម្បីសុំពន្យារពេលរយៈពេលខ្លី។ ឆ្លើយតបទៅនឹងសំណើនេះ ថ្នាក់ដឹកនាំ EU បានផ្តល់ជម្រើសពីរ ។

ទីមួយគឺការចែកផ្លូវគ្នាអាចពន្យារពេលរហូតដល់ថ្ងៃទី២២ ខែឧសភា ប្រសិនបើ សភារបស់ចក្រភពអង់គ្លេស យល់ព្រមទទួល យក កិច្ច ព្រមព្រៀង Brexit របស់លោកស្រី May នៅសប្តាហ៍ក្រោយ។ ផ្ទុយទៅវិញ បើសភាអង់គ្លេសនៅតែទាត់កិច្ចព្រមព្រៀងចោល ដូច ខ្លួនបានធ្វើ ពីរលើករួចមកហើយទៀតនោះ ថ្ងៃកំណត់ Brexit នឹងពន្យារ ទៅត្រឹមថ្ងៃទី១២ ខែមេសាលុះ ត្រា តែ ក្នុង ចន្លោះ ពេល នោះ គឺមុនដល់ ថ្ងៃកំណត់ទី១២ ខែមេសា អង់គ្លេសសម្រេចចូលរួមរៀបចំការបោះឆ្នោតសភាអឺរ៉ុប នៅឆ្នាំនេះ។

ទាក់ទងនឹងការបោះឆ្នោតសភាអឺរ៉ុប លោកស្រី May បានទទូចថា វាហាក់ពុំមែនជារឿងត្រឹមត្រូវឡើយ ក្នុងការ ស្នើឲ្យ ប្រជាជន នៅ អង់គ្លេសចូលរួមក្នុងការបោះឆ្នោតទាំងនេះ ខណៈដែលពួកគេភាគច្រើនបានបោះឆ្នោតសម្រេចចាកចេញពីសហភាពអឺរ៉ុប តាំងតែ ពី៣ឆ្នាំមុន។

គួរជម្រាបថា ពីដំបូងឡើយ លោកស្រី Theresa May បានស្នើ EU សុំពន្យារពេលរយៈពេលខ្លីសម្រាប់ Brexit រហូតដល់ថ្ងៃទី៣០ ខែមិថុនា៕