(វែលីងតោន)៖ មានការព្រមានធ្វើឃាតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅតាមបណ្តាញទំនាក់ទំនងសង្គម ហើយ​ពេលនេះ​ប៉ូលិស​នូវែលសេឡង់កំពុងតែបើកការស៊ើបអង្កេតហើយ ដើម្បីស្វែងរកម្ចាស់​គណនី Twitter ដែល​បាន​បង្ហោះសារ និងរូបភាព​គម្រាមដល់អាយុជីវិត​មេដឹកនាំប្រទេស​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

សារ​ដែល​​ត្រូវបាន​បង្ហោះ​​ដោយគណនី Twitter មួយ (មិន​ត្រូវ​បានបញ្ជាក់​ឈ្មោះ) គឺ​បាន​សរសេរថា «អ្នកជា​​មនុស្សបន្ទាប់ ឬ You are next» ដោយ​អមជាមួយរូបភាព​កាំភ្លើងមួយ​ដើម ភ្ជាប់​ជូនទៅឲ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ដែលកំពុងតែ​សកម្មក្នុង​ការស៊ើប​អង្កេត និងការពារ​សុវត្ថិភាព​​ជនម៉ូស្លីម ក្រោយ​ការវាយប្រហារយ៉ាង​សាហាវ នៅក្នុងព្រះវិហារអ៊ីស្លាមពីរកន្លែង​​នៅក្នុងទីក្រុង ក្រៃស៍ឆឺច ដែលបាន​សម្លាប់​ជីវិតមនុស្ស៥០នាក់ និងរាប់សិបនាក់ទៀតរងរបួស​កាលពី​សប្តាហ៍មុន។

គួរបញ្ជាក់ថា គណនី Twitter ដែលបង្ហោះ​សារ​គម្រាមថ្នាក់ដឹកនាំ​​ប្រទេស​​នូវែលសេឡង់​ខាងលើនេះត្រូវ​សមត្ថកិច្ចពិនិត្យ និង​រកឃើញថា មានបង្ហោះ​សារប្រកបដោយ​អត្ថន័យ​ស្អប់ខ្ពើម​ជា​ច្រើនប្រឆាំងនឹង​សាសនាអ៊ីស្លាម ប៉ុន្តែវាត្រូវ​បានផ្អាក (Supended) បាត់ទៅ​ហើយ។ ខណៈនេះ​ប៉ូលិស​នូវែលសេឡង់​​កំពុងតែធ្វើការស៊ើប​អង្កេត ដើម្បី​ស្វែងរក​ម្ចាស់​អាខោនមួយ​នេះ។ ដោយឡែក​កាលពីព្រឹកថ្ងៃសុក្រ​នេះដែរ លោកស្រី ចេស៊ីនដា អាដឺន បានថ្លែងថា ចាប់ពីថ្ងៃនេះ​ទៅជនម៉ូស្លីម​ទាំងអស់នឹងមាន​សុវត្ថិភាពពេញលេញ ក្រោមការ​សន្តិសុខ​យ៉ាងល្អប្រសើរ​បំផុត ពីសំណាក់សមត្ថកិច្ច​ប្រទេសដីកោះមួយនេះ៕