(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី​លោក តាយយីព អឺដូហ្កាន់ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាការទទួលស្គាល់​តំបន់ ហ្គោឡេន ហេចស៍ (Golan Heights) ជារបស់អ៊ីស្រាអែល​ផ្ដាច់មុខ នឹងនាំតំបន់មជ្ឈិមបូព៌ា​ទាំងមូលធ្លាក់ចូល​ក្នុងវិបត្តិ​ថ្មីមួយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

ពីដំបូង​ឡើយ Golan Height គឺជាផ្នែកមួយនៃ​ប្រទេសស៊ីរី ប៉ុន្តែក្រោយមកវា​ក៏ត្រូវបាន​អ៊ីស្រាអែលចូលកាន់កាប់ កាលពី​អំឡុងសង្រ្គាម​នៅមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ហើយបច្ចុប្បន្ន​ដែនដីមួយ​ចំណែកធំនៃ​តំបន់នេះ កំពុងស្ថិតក្រោម​ការគ្រប់គ្រង របស់​អ៊ីស្រាអែល ប៉ុន្តែពុំទាន់មាន​ការទទួលស្គាល់ពីអន្តរជាតិ​នៅឡើយទេ។ ដោយឡែក​ប្រតិកម្មរបស់​លោក អឺដូហ្កាន់ កើតមានឡើង​ក្រោយ​លោក ដូណាល់ ត្រាំ ប្រកាសថា ដល់ពេល​សហរដ្ឋអាមេរិក​ត្រូវ​ទទួលស្គាល់​តំបន់ Golan Height ជារបស់​អ៊ីស្រាអែលហើយ។

ប្រធានាធិបតី​តួកគីរូបនេះបានគូសបញ្ជាក់​នៅក្នុង សន្និសីទ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​នៅថ្ងៃសុក្រនេះ​យ៉ាងខ្លី​ដូច្នេះថា «យើងមិនអនុញ្ញាត​ឱ្យមានការផ្ដល់​ភាពស្របច្បាប់​ណាមួយ នៃការធ្វើ​អាណានិគមលើតំបន់ Golan Height ជា​ដាច់ខាត»។ ចំណែកឯ ក្រសួងការ​បរទេសស៊ីរី​ក៏បានថ្កោលទោស​ ​ការអត្ថាធិប្បាយរបស់​លោក ត្រាំ ផងដែរថាជាគ្មានការទទួល​ខុសត្រូវ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះបានលើកឡើងថា អស់រយៈពេល ៥២ឆ្នាំ បច្ចុប្បន្ននេះ​គឺជាពេល​ដែល​សហរដ្ឋអាមេរិកត្រូវទទួលស្គាល់​ថា Golan Height ជារបស់​អ៊ីស្រាអែល បន្ទាប់ពីបានទទួល​ស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជាកម្មសិទ្ធិរដ្ឋ​ជ្វីបមួយនេះ ដោយមិនខ្វល់​ការរិះគន់ពី​អន្តរជាតិ៕