(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេអ៊ីន ទទួលបាន​ការកើនឡើង​ប្រជាប្រិយភាព​ឡើងវិញក្នុងសប្តាហ៍នេះ ក្រោយពីលោក​បានបញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​យ៉ាងល្អិតល្អន់ ទៅលើ​អំពើ​ពុករលួយកាលពីអតីតកាល ដែលមានជាប់​ពាក់ព័ន្ធជាមួយ​បុគ្គលៗ​​មាន​ឥទ្ធិពល។ នេះ​បើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

យោងតាមលទ្ធផលស្ទង់មតិរបស់ ក្រុមហ៊ុនស្រាវជ្រាវ​កូរ៉េ Gallup Korea ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​លោក មូន ចេអ៊ីន ក្នុ​ង​​សប្តាហ៍​នេះ​ទទួលបាន​​​កម្រិតប្រជាប្រិយភាព​កើនឡើង​ដល់ ៤៥ភាគរយ ខណៈអត្រា​នៃប្រជាជន​ដែលបាន​វាយតម្លៃបែបអវិជ្ជមាន​ ទៅលើការចាត់ចែង​កិច្ចការជាតិ​ក៏ដូច​ជា​ទៅ​លើ​​របៀប​​ដឹកនាំ​​​ប្រទេសរបស់លោក មូន បាន​ថយចុះ​ទៅវិញ។ លទ្ធផលនេះ​ត្រូវបានសម្រេចចេញ ដោយផ្អែកលើការស្ទាបស្ទង់​មតិមួយនៃ​អ្នក​ចូលរួម​ប្រមាណ​ ​១,០០២នាក់ ពីថ្ងៃអង្គារដល់​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

គួរជម្រាបថា ការសន្ទុះឡើងនៃសំឡេង​គាំទ្រ​​ឡើងវិញនេះ បានកើតមានឡើងបន្ទាប់ពី​លោក មូន បានបង្គាប់​ឲ្យ​មន្ត្រីប៉ូលិស និង​រដ្ឋអាជ្ញាកូរ៉េខាងត្បូង ​បើកការស៊ើបអង្កេត​ឲ្យបានហ្មត់ចត់ ទៅលើករណី​អំពើពុករលួយកាល​ពីអតីតកាល ដែលមានជាប់ទាក់ទិន​ទាំងជាមួយ​អតីត​​អនុរដ្ឋមន្រ្តី​​យុត្តិធម៌​​កូរ៉េខាងត្បូង ព្រមទាំង​បណ្តាថ្នាក់ដឹកនាំ​នៃស្ថាប័នសារព័ត៌មាន​ក្នុងស្រុក ដ៏មានឥទ្ធិពល​​មួយ​ជាដើម៕​