(ហាណូយ)៖ នាយកដ្ឋានសុខភាពសត្វនៃប្រទេសវៀតណាម​ បានឲ្យដឹងនាថ្ងៃសុក្រ​នេះថា ជំងឺប៉េស្តជ្រូក​អាហ្វ្រិក ASF បានរីករាល​ដាល​ក្នុងទីក្រុងក៏ដូចជាខេត្ត​សរុបចំនួន ១៩ហើយ​នៅវៀតណាម ខណៈសត្វជ្រូកជិត ៣៤,៨០០ក្បាលត្រូវ​បានសម្លាប់​ចោល។ នេះ​បើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ​ ទី២២ ខែមីនា ឆ្នាំ២០១៩។

​យោងតាមវែបសាយ​របស់នាយកដ្ឋាន​ខាងលើ ការផ្ទុះឡើង​នៃជំងឺ ASF ត្រូវបានរកឃើញ​​នៅ​ភូមិ/ឃុំ​ចំនួន ២៩៤ ក្នុងស្រុក/សង្កាត់​ចំនួន ៦២ នៃទី​ក្រុង​និងខេត្ត​ចំនួន ១៩ ដែល​ស្ថិតនៅ​​តំបន់ភាគខាងជើង និងភាគកណ្តាល​ប្រទេសវៀតណាម ដោយក្នុងនោះ​រួមមាន​ទាំងរដ្ឋធានី​ហាណូយ​ផងដែរ។

ទន្ទឹមនឹងនេះ វៀតណាមបាន​សម្រេចបង្កើតគណៈកម្មាធិការជាតិ​មួយ ដើម្បីទទួលបន្ទុក​ទប់ស្កាត់ និងព្យាយាមប្រយុទ្ធប្រឆាំង​​ជំងឺ ASF នេះ ​ក្រោមការដឹកនាំ​របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម។ យោងតាម​អង្គការសុខភាពសត្វ​ពិភពលោក OIE ជំងឺ ASF ​បាន​វាយលុក​​លើប្រទេស និងតំបន់ជាង ២០ លើពិភពលោក ខណៈពុំទាន់​មានថ្នាំបង្ការប្រឆាំង​នឹងជំងឺប្រភេទនេះ​នៅឡើយ​ទេ។

គួរជម្រាបថា ASF គឺជាជំងឺឆ្លងធ្ងន់ធ្ងរ​មួយ​ដែលប៉ះពាល់​លើជ្រូកស្រុក​ក៏ដូចជាជ្រូកព្រៃ ដែលអាចរីករាលដាល​តាមរយៈ​សត្វជ្រូក​​ងាប់ ឬរស់ ព្រមទាំង​ផលិតផល​សាច់ជ្រូក។ បើតាមការគូស​បញ្ជាក់របស់អង្គការ OIE ជំងឺនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ គឺវាកើតឡើងចំពោះតែសត្វជ្រូកប៉ុណ្ណោះ៕