(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍​ឥណ្ឌូណេស៊ី ហ្គារូដា (Garuda Indonesia) បានផ្ញើលិខិតមួយច្បាប់​ទៅកាន់​ក្រុមហ៊ុនផលិត​យន្តហោះ​​អាមេរិក Boeing ដើម្បីស្នើលុបចោល​ការបញ្ជទិញវិញនៃ​យន្តហោះស៊េរី 737 MAX 8 ចំនួន ៤៩គ្រឿង។ នេះបើតាម​ការដក​ស្រង់​ការ​​ផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

អ្នកនាំពាក្យ Garuda គឺលោក អ៊ីកសាន រ៉ូសាន (Ikhsan Rosan) បាននិយាយថា «អ្នកដំណើររបស់​​អាកាសចរណ៍​បាន​បាត់បង់​ភាពជឿជាក់ និង​លែង​​មាន​ទំនុកចិត្តលើ​យន្តហោះនេះទៀត​ឡើយ» ហើយលោក​បាន​បញ្ជាក់ថា ​ក្រុមហ៊ុន​អាកាសចរណ៍ Garuda កំពុងរង់ចាំ​ការឆ្លើយតប​​ពី​ Boeing។ បើតាមនាយក​ផ្នែកហិរញ្ញ​វត្ថុរបស់ Garuda អាកាសចរណ៍ជាតិ​ឥណ្ឌូណេស៊ីនេះ អាចនឹងផ្តូរទៅប្រើប្រាស់ Boeing ស៊េរី​ផ្សេង​​វិញ។

ក្នុងខែនេះ​អាកាសចរណ៍​ឥណ្ឌូណេស៊ី Lion Air ​ក៏បានប្រកាស​ឲ្យដឹងពីការផ្អាក​ការទទួលយក​យន្តហោះ Boeing 737 MAX 8 ថ្មី​ចំនួន ០៤គ្រឿង​​ផងដែរ ក្រោយករណី​ធ្លាក់​យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍​អេត្យូពី Ethiopian Airlines ដែល​បានធ្លាក់​ក្រោយហោះបានប៉ុន្មាននាទី និងផ្តាច់ជីវិត​មនុស្សទាំងអស់ ១៥៧នាក់។

ករណីខាងលើបាន​​ធ្វើឲ្យរង្គោះរង្គើ វិស័យ​ឧស្សាហកម្មផ្នែក​អាកាសចរណ៍​នៅទូទាំង​សកលលោក ដែលបានប្រើប្រាស់​យន្តហោះ Boeing 737 MAX 8 ដោយត្រូវបានបញ្ឈរ​ជើងចោលជាបណ្តោះអាសន្ន​តែម្តង សម្រាប់ប្រភេទយន្តហោះនេះ។ ហេតុការណ៍​ធ្លាក់យន្តហោះ​នេះទៀតសោតបាន​កើត​​ឡើង​ ​​ក្នុងគម្លាតពេលមិន​ដល់​​កន្លះឆ្នាំនោះឡើយ ក្រោយការធ្លាក់យន្តហោះ​ម៉ូដែល​ដូចគ្នារបស់អាកាសចរណ៍ Lion Air នៅសមុទ្រជ្វារបស់​ឥណ្ឌូណេស៊ី ដែលបណ្តាលឲ្យ​ស្លាប់មនុស្ស​ទាំងអស់ ១៨៩នាក់៕