(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បានសម្រេចចិត្ត​ដាក់ទណ្ឌកម្មជាថ្មី​លើក្រុមហ៊ុនដឹកជញ្ជូនចិន​ចំនួន ០២ ដែលមានជាប់​ពាក់ព័ន្ធនឹងការជួយ​កូរ៉េខាងជើងឱ្យគេចផុត​ពីទណ្ឌកម្មសេដ្ឋកិច្ច​របស់អន្តរជាតិ ជាការឆ្លើយតបកម្មវិធី​នុយក្លេអ៊ែរ​នៃរបប​ដឹកនាំទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

យោងតាម​ក្រសួងរតនាគារជាតិ​អាមេរិក ទណ្ឌកម្មថ្មី​ខាងលើត្រូវអនុវត្តលើ​ក្រុមហ៊ុនចិន​ចំនួន ០២ គឺ Dalian Haibo International Freight Co Ltd និង​ក្រុមហ៊ុន Liaoning Danxing International Forwarding Co Ltd។ ម្យ៉ាងវិញទៀត​ផ្អែកលើទណ្ឌកម្ម​នេះ ពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកនានា មិនតម្រូវឲ្យរកស៊ី ឬក៏ចុះកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ជាមួយក្រុមហ៊ុន​ទាំង ០២នេះបានទេ ខណៈទ្រព្យ សម្បត្តិរបស់ពួកគេ​មាននៅសហរដ្ឋអាមេរិក​នឹងត្រូវ​បង្កក។ ក្រសួងមួយនេះ​បានបន្ថែមទៀតថា នាវាយ៉ាងហោចណាស់ ៦៧គ្រឿង​បានលួច​លាក់ដឹកប្រេង និងធ្យូងថ្មដោយខុសច្បាប់​ឲ្យកូរ៉េខាងជើង។

គួរបញ្ជាក់ថា នេះគឺជាការដាក់ទណ្ឌកម្មជាលើកដំបូងបំផុត ពាក់ព័ន្ធនឹងកូរ៉េខាងជើង ចាប់ពីកិច្ចប្រជុំកំពូល​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ក្នុងទីក្រុង​ហាណូយ ប្រទេសវៀតណាម​កាលពីចុងខែកុម្ភៈកន្លង​ទៅបាន​បរាជ័យ។ ប៉ុន្តែការដាក់​ទណ្ឌកម្ម កើតមានឡើង​ជិតមួយសប្ដាហ៍ បន្ទាប់ពី មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើងព្រមានថា ទីក្រុងព្យុងយ៉ាង​នឹងពិចារណាធ្វើតេស្ដ​មីស៊ីល ឬអាវុធ​នុយក្លេអ៊ែរ​ឡើងវិញ បើសហរដ្ឋអាមេរិកមិន​ព្រមផ្ដល់សម្បទាន​ណាមួយ​ទេនោះ៕