(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺពុំមែនចេះ​តែនិយាយៗចោល​នោះ​ឡើយ ចំពោះការ​ដែលរូបលោកធ្លាប់បាន​បញ្ជាក់ហើយបញ្ជាក់​ទៀតថា រាល់ជម្រើស​ទាំងអស់សម្រាប់​ដោះ​​ស្រាយវិបត្តិនយោបាយ​នៅវេណេស៊ុយអេឡា គឺស្ថិតនៅលើ​តុរួចជាស្រេច ដើម្បីពិចារណា។ នេះបើតាមការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

គិតចាប់តែ​ពីចុងខែមករាកន្លង​ទៅនេះ វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរ​មួយបានផ្ទុះឡើង​នៅក្នុងប្រទេស​វេណេស៊ុយអេឡា នៅពេលដែល​មេបក្សប្រឆាំង​នៃប្រជាជាតិអាមេរិកឡាទីន​នេះ គឺលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានប្រកាស​លើកខ្លួនឯងជា​ប្រធានាធិបតី​ស្តីទី​​វេណេស៊ុយ​អេឡា ហើយមាន​ការទទួលស្គាល់ពីប្រទេស​ប្រមាណ ៥០ រួមមានទាំង​ទីក្រុង​វ៉ាស៊ីនតោន ខណៈរហូត​មកទល់ពេលនេះ សំណួរ​ថា​តើ​ស្ថានការណ៍​​នៅ​វេណេស៊ុយអេឡា នឹងត្រូវដោះស្រាយ​ដោយរបៀបណា​នោះ នៅតែមិនទាន់​មានចម្លើយ​ដដែល។

នៅក្នុង​បទសម្ភាសន៍មួយ លោក Bolton ក៏បានអះអាង​ផងដែរថា រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​​​​មានក្តីព្រួយបារម្ភខ្លាំង​​អំពី​ពលរដ្ឋ​របស់ខ្លួននៅ​ក្នុងប្រទេស​វេណេស៊ុយអេឡា ដែលអាច​មានចំនួនពី ៤០នាក់ ទៅដល់ ៥០,០០០នាក់ ហើយវាជាភារកិច្ចរបស់​​រដ្ឋាភិបាល​អាមេរិក ដើម្បីការពារពួកគេ​ពី​អំពើហិង្សា និងការគំរាមកំហែង​នានា។

នាពេលកន្លងទៅនេះ​លោក Bolton ​​ធ្លាប់បាន​​​បញ្ជាក់ថា អាមេរិក​មិន​ទាន់​បានបញ្ចេញ​កញ្ចប់ទណ្ឌកម្មធ្ងន់ធ្ងរ​បំផុត​ ប្រឆាំងរដ្ឋាភិបាល​​​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅ​ឡើយ​ទេ ខណៈ​កន្លងមក​នេះ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​​ បានដាក់ទណ្ឌកម្ម​ប៉ុន្មាន​លើករួចស្រេច​ទៅហើយ លើបណ្តាក្រុមហ៊ុន​រដ្ឋវេណេ​ស៊ុយ​អេឡាចាប់តាំងពី​ខែមករាមក។

គួរជម្រាបថា ការគូសបញ្ជាក់ខាងលើ​​របស់​​ទីប្រឹក្សាសន្តិសុខជាតិ​​អំពីសម្តីរបស់​លោក ដូណាល់ ត្រាំ បានបង្កក្តីកង្វល់​សាជាថ្មីថា​ ​នៅទីបំផុត​សហរដ្ឋអាមេរិកប្រហែលជានឹងជ្រើសរើស​យកជម្រើសអន្តរាគមន៍​​យោធា ដើម្បីដោះស្រាយ​វិបត្តិនៅ​វេណេស៊ុយអេឡា​៕