(ការ៉ាកាស់)៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Néstor Reverol បានទទួលស្គាល់ហើយពីការចាប់ខ្លួនប្រធានលេខា របស់មេបក្សប្រឆាំងលោក Juan Guaido ដែលបានចោទថាការចាប់ខ្លួននេះគឺជាការចាប់ពង្រត់ ខណៈអាជ្ញាធរទីក្រុងការ៉ាកាស់ អះអាងថាជាការបង្រ្កាបបណ្ដាញភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Reverol បានបញ្ជាក់ថា ប្រធានលេខារបស់ មេបក្សប្រឆាំងលោក Juan Guaido គឺលោក Roberto Marrero ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹង បណ្ដាញភេរវករដែលកំពុងរៀបចំគម្រោងវាយប្រហារភេរវកម្មប្រឆាំងនឹងអ្នកនយោបាយកំពូលវេណេស៊ុយអេឡា។ បន្ថែមពីលើ នេះ អាជ្ញាធររបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានបង្ហោះរូបភាពកាំភ្លើងវែង២ដើម ដែលទីភ្នាក់ងារស៊ើបការណ៍សំងាត់ វេណេស៊ុយអេឡារឹបអូសពីផ្ទះរបស់លោក Marrero ផងដែរ។

គួរបញ្ជាក់ថា មេបក្សប្រឆាំងលោក Juan Guaido បានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក Marrero ដោយថា កាំភ្លើងដែលរកឃើញនោះគ្រាន់តែជារៀបចំមួយតែប៉ុណ្ណោះ។ ចំណែកឯ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ក៏បានព្រមានដែរថាការចាប់ខ្លួននេះគឺជាកំហុសមួយដ៏ធំ ហើយថារដ្ឋាភិបាលលោក ម៉ាឌូរ៉ូនឹងមិនរួចខ្លួនជាដាច់ខាត៕