(បាកដាដ)៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន៤៥នាក់បានបាត់បង់ជីវិត នៅពេលសាឡង់ដឹកអ្នកដំណើរ​លើសទម្ងន់មួយគ្រឿង​បានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលភាគខាងជើងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​​សារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

បើតាម​ប្រធានអាជ្ញាធរការពារជនស៊ីវិល​នៃទីក្រុងម៉ូស៊ូល លោក Husam Khalil សាឡង់ខាងលើអាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តីនិងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទី​ដែលសាឡង់បានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿនថែមទៀតផង។

គួរជម្រាបថា ​ក្រុមជួយសង្រ្គោះកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបន្តស្រង់ជនរងគ្រោះចេញពីទឹកទន្លេ ខណៈមនុស្សប្រហែល៣០នាក់ត្រូវបាន​​​នាំយក​ចេញពីក្នុងផ្ទៃទឹកដោយសុវត្ថិភាព៕