(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Boeing កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើ ង ខណៈ នាថ្ងៃពុធសប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានកោះហៅ បណ្តាថ្នាក់ដឹកនាំនៃក្រុមហ៊ុននេះ ឲ្យ ចូលផ្តល់សក្ខីកម្ម ទាក់ទិនជាមួយករណីធ្លាក់ យន្ត ហោះ 737 MAX 8 ចំនួនពីរគ្រឿងក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

សវនាការដេញដោលខាងលើនឹងជាលើកមួយហើយ ដែលគណៈកម្មាធិការនៃព្រឹទ្ធសភាអាមេរិក បានកោះហៅថ្នាក់ដឹកនាំ Boeing ឲ្យចូល បង្ហាញ ខ្លួន ដើម្បី សាកសួរ នាំ អំពី ការ ធ្លាក់ យន្តហោះដឹកអ្នកដំណើរ 737 MAX 8 ដែលបានកើតមានមួយលើកកាលពីខែតុលា ឆ្នាំ២០១៨ នៅ ឥណ្ឌូណេស៊ី និងមួយលើកទៀតកាលពីថ្ងៃទី១០ ខែមីនា នៅអេត្យូពី ប៉ុន្តែមិនមានការបញ្ជាក់ថា ការផ្តល់សក្ខីកម្មនេះនឹងរៀបចំឡើងនៅថ្ងៃ ណាឲ្យប្រាកដនៅឡើយទេ។

យ៉ាងណាមិញ នៅថ្ងៃទី២៧ ខែមីនា អនុគណៈកម្មធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាអាមេរិកទទួលបន្ទុក ផ្នែកអាកាសចរណ៍និងអវកាស ដដែល ក៏នឹង ធ្វើការសួរនាំទៅលើក្រុមមន្រ្តីនៃអាជ្ញាធរអាកាសចរណ៍អាមេរិក FAA ផងដែរ ខណៈសំណួរអាចពាក់ព័ន្ធថា ហេតុបាន ជាស្ថាប័ន ត្រួត ពិនិត្យ ផ្នែកអាកាសចរណ៍នេះ បានយល់ព្រមផ្តល់ការអនុញ្ញាតឲ្យ យន្តហោះ 737 MAX 8 ហោះហើរ កាលពីខែមីនា ឆ្នាំ២០១៧ ដោយមិន តម្រូវ ឲ្យ មាន ការបំពាក់បំប៉នសមត្ថភាពគ្រប់ជ្រុងជ្រោយបន្ថែមសម្រាប់អាកាសយានិក។

គួរជម្រាបថា ការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines បានធ្វើឲ្យរង្គោះរង្គើ ឧស្សាហកម្មផ្នែក អាកាសចរណ៍នៅទូទាំងសកលលោក ដោយសារភាពស្រដៀងគ្នាមិនអាចមើលរំលងបានទៅនឹងករណីធ្លាក់យន្តហោះ Lion Air នៅ សមុទ្រ ជ្វាប្រទេសឥណ្ឌូណេស៊ី។ ហេតុការណ៍ធ្លាក់យន្តហោះទាំងពីរ លើកនេះ បានផ្តាច់ជីវិតមនុស្សសរុប ៣៤៦នាក់ ខណៈយន្តហោះ 737 MAX 8 ត្រូវបានបញ្ឈរជើងចោលជាបណ្តោះអាសន្ននៅពាសពេញពិភពលោក៕