(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់០៦នាក់បានស្លាប់ និង២៣នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន៣លើក នៅអំឡុងពិធីអបអរសាទរឆ្នាំថ្មី នៅក្បែរវិហារ Sakhi Shrine នៅក្នុងទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការវាយប្រហារបំផ្ទុះបែកខាងលើ កើតមានឡើងនៅចំពេលដែល កងកម្លាំងសន្តិសុខអាហ្វាហ្កានីស្ថាន ចុះរឹតបន្តឹងសន្តិសុខនៅទូទាំងប្រទេស សម្រាប់ការត្រៀមប្រារព្ធពិធីបុណ្យ Nawroz នៅថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈក្រុមតាលីបង់កំពុង ស្ថិតនៅក្រោមការសង្ស័យខ្ពស់ជាងគេ៕