(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា អាចម៍ផ្កាយ Bennu គឺជាប្រភេទ Active Asteriod ដែលមានចំនួន​​ពុំ​សូវជាច្រើនប៉ុន្មាន​នោះឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយព័ត៌មាន Space នៅ​ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

បើតាម​អង្គការ NASA លទ្ធផលអង្កេតថ្មីរបស់​យានអវកាស OSIRIS-REx ដែលកំពុងសិក្សា​នៅក្បែរ Bennu បានបង្ហាញថា អាចម៍​ផ្កាយដែល​មានមុខកាត់ប្រមាណ ៥០០ម៉ែត្រនេះ បាន​បញ្ចេញធូលី និងកម្ទេចកម្ទីរថ្ម​តូចៗទៅក្នុងលំហអវកាស​ជាច្រើនលើក ក្នុងអំឡុង​ពេលប៉ុន្មានខែកន្លង​ទៅនេះ។ ដូច្នេះយោង​តាមអ្នកវិទ្យាសាស្រ្ត វាគឺជាប្រភេទអាចម៍​ផ្កាយមួយចំនួន​តូចហៅថា Active Asteriod ឬ អាចម៍​ផ្កាយ​សកម្ម។។

ដោយសារ​​តែអាចម៍ផ្កាយ Bennu មានទំហំ​ធំគួរសម និងមានគន្លង​គោចរប្រកៀកប្រកិត​នឹងផែនដី​ទៀតនោះ ទើប​ធ្វើឲ្យវា​ស្ថិតនៅជាគោលដៅ​នៃការសិក្សាស្រាវជ្រាវ ព្រមទាំង​ប្រយ័ត្ន​ប្រយែងបំផុត​ពីក្រុមអ្នកវិទ្យាសាស្ត្រ។

គួរជម្រាបថា យាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារ ត្រូវបានបញ្ជូន​ឡើងអវកាសកាលពី​ខែកញ្ញា ឆ្នាំ២០១៦ និង​បាន​ធ្វើដំណើរទៅ​ដល់គន្លងក្បែរ​អាចម៍ផ្កាយ Bennu នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រសិនបើអ្វីៗ​​ដំណើរការទៅយ៉ាង​រលូនទាំងស្រុង​ នោះនៅពាក់​កណ្តាល​ឆ្នាំ២០២០ យានអវកាសនេះ​នឹងចុះទៅប្រមូលយក​គំរូតាងពី Bennu ដែលនឹងត្រូវនាំ​យកចុះមកដល់ផែនដី​​​នៅខែកញ្ញា ឆ្នាំ២០២៣៕