(ហូជីមិញ)៖ ប៉ូលិសវៀតណាមរាប់រយនាក់​នៅថ្ងៃពុធសប្ដាហ៍​នេះ បានឆ្មក់​ចូលឆែកឆេរ​ឃ្លាំស្តុកទំនិញមួយកន្លែង នៅក្នុងសង្កាត់​ប៊ិញតាន់ (Binh Tan) នៃទីក្រុងហូជីមិញ ដោយរឹបអូស​បាន​គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (methamphetamine) ជាង ៣០០គីឡួក្រាម។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

យោង​តាម VN Express នៅក្នុងប្រតិបត្តិការ​បង្រ្កាបនេះ​ជនសង្ស័យ ១១នាក់ ក្នុងនោះមាន​ជនជាតិឡាវ ចិន និងវៀតណាម​ត្រូវបានឃុំខ្លួន រីឯរថយន្ដមួយ​គ្រឿងផ្ទុក​គ្រឿង​ញៀន methamphetamine ជាង ៣០០គីឡូក្រាមក៏ត្រូវបានរឹបអូសផងដែរ ហើយនេះអាចចាត់​ទុកបានថាជា ការបង្រ្កាបគ្រឿងញៀនធំ​បំផុតមិនធ្លាប់មាន​នៅក្នុងទីក្រុង​ហូជីមិញ។ បន្ថែមពីនេះ​ប៉ូលិស​វៀតណាមក៏​​បានបញ្ជាក់ដែរថា គ្រឿងញៀនរាប់រយ​គីឡូនេះ​មានប្រភពដើមមកពី​ប្រទេសឡាវ ហើយត្រូវ​បានរត់ពន្ធមកកាន់​ប្រទេសវៀតណាម​ កាត់តាមផ្លូវច្រពំ្រដែននៃខេត្ត​ខុនទុម (Kon Tum)។

គួរបញ្ជាក់ថា បើតាមច្បាប់​​វៀតណាម អ្នកជួញដូរគ្រឿងញៀន​​ហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង Methamphetamine ២.៥គីឡូក្រាម​ឡើង​ទៅ​នឹងត្រូវទទួលការ​ផ្ដន្ទាទោស​ប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀន​ហេរ៉ូអ៊ីន ឬគ្រឿង​ញៀនខុសច្បាប់​ដទៃទៀត​ក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខ​​ទោសប្រហារ​​ជីវិតដែរ៕