(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើប​អង្កេត​អាមេរិក FBI ត្រូវគេរាយការណ៍​ថា បានចូលរួម​ក្នុងការស៊ើបអង្កេត​ពាក់ព័ន្ធ​ដំណើរការ ផ្តល់​សិទ្ធិអនុញ្ញាត​ឲ្យ​យន្តហោះ 737 MAX 8 របស់ Boeing ហោះហើរ ក្រោយការធ្លាក់ពី​ករណីដ៏អាក្រក់ក្នុងអំឡុង​ប៉ុន្មានខែចុងក្រោយ​​នេះ ដែលបានផ្តាច់ជីវិត​មនុស្សសរុប ​៣៤៦នាក់។ នេះបើតាម​សេចក្តីរាយការណ៍​របស់សារព័ត៌មាន​អាមេរិក The Seattle Times ដកស្រង់ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

សេចក្តីរាយការណ៍​នេះបានកើត​មានឡើង បន្ទាប់ពីក្រសួងដឹក​ជញ្ជូនអាមេរិក​បាន​រៀបចំបើកការស៊ើប​អង្កេត ទៅលើ​​របៀប​​ដែល​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក FAA និង​ក្រុមហ៊ុន Boeing ផ្តល់សិទ្ធិ​អនុញ្ញាត​ហោះហើរ​សម្រាប់​យន្តហោះ 737 MAX 8។ កាលពី​​ប៉ុន្មាន​ថ្ងៃមុន​សារព័ត៌មាន Seattle Times ក៏បានចុះផ្សាយ​អត្ថបទ​​មួយផងដែរ​ដែលអះអាងថា កំហុសឆ្គង​ក្នុងប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះហើរ​​របស់ 737 MAX 8 ដែលត្រូវ​គេជឿថា មានទាក់ទងនឹងករណីធ្លាក់យន្តហោះនេះ​ទាំងពីរលើក​នោះ គឺបណ្តាល​មកឲ្យ​ការ​ដែល​​​ថ្នាក់ដឹកនាំ FAA បាន​ជំរុញ​​​ក្រុមវិស្វករ​ផ្នែកសុវត្ថិភាព​ផ្ទេរកិច្ចការវាយតម្លៃ​សុវត្ថិភាព​ឲ្យទៅ Boeing ផ្ទាល់ ហើយ​​ផ្តល់​​ការ​យល់​ព្រម​លើលទ្ធផលវិភាគ​ឲ្យបាន​​លឿន។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី១០ ខែមីនា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់នៅ​អេត្យូពី និងផ្ដាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ហើយវាគឺគ្រោះ​​មហន្តរាយលើកទី ២ ដែលមានជាប់​ពាក់ព័ន្ធនឹងយន្ដហោះ​ប្រភេទនេះ​ បន្ទាប់ពីការធ្លាក់​នៅឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្ស ១៨៩នាក់។ ម្យ៉ាងវិញ​ទៀត បើតាម​សេចក្ដី​រាយការណ៍​ជាច្រើនមកនេះ ការធ្លាក់យន្ដហោះទាំងពីរនេះ​មានមូល​ហេតុ​ស្រដៀង​គ្នា ប៉ុន្តែគេត្រូវរង់ចាំលទ្ធផលផ្លូវការ​ ចេញពីក្រុមស៊ើបអង្កេត​ប្រអប់ខ្មៅ​ទាំងពីររបស់​អេត្យូពី ពីក្រុមអ្នកជំនាញ​នៅបារាំង​ជាមុន​សិន៕