(រ៉ូម)៖ ប៉ូលិសអ៊ីតាលីនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រទេសអ៊ីតាលី) បានជួយសង្រ្គោះក្មេងចំនួន៥១នាក់ ដែលត្រូវបាន​ចាប់​ជាចំណាប់ខ្មាំងដោយតៃកុងឡានដឹកសិស្សសាលារបស់ពួកគេ ដែលបានចាក់សាំងដុត​រថយន្តនោះដើម្បីសម្តែងការប្រឆាំង​ជំទាស់​​នឹងការបាត់បង់ជីវិតនៃជនអន្តោប្រវេសន៍​នៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ​ព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើដែលមានរយៈពេលប្រមាណជា៣០នាទីនិងកើតឡើងក្នុងទីក្រុង Milan បានបញ្ចប់ទៅនៅពេលដែលកម្លាំងប៉ូលិសអ៊ីតាលីបានបិទ​ផ្លូវ​ឃាត់​រថយន្ត ហើយ​ជួយសង្រ្គោះ​​ក្មេងៗសិស្សសាលាទាំងអស់ដោយសុវត្ថិភាព​មុនពេលវា​ឆាបឆេះឡើង ពោល​គឺ​មិន​មាន​អ្នក​ទទួល​រង​របួស​ធ្ងន់​ធ្ងរ​អ្វី​ឡើយ បន្ទាប់ពីក្មេងម្នាក់ក្នុងចំណោះនោះ មាន​ឱកាសហៅទូរស័ព្ទទៅកាន់ឪពុកម្តាយឲ្យជួយ នៅពេលរថយន្តនោះបានទៅបុកជាមួយរថយន្តមួយគ្រឿង។

គួរជម្រាបថា ក្មេងៗទាំង៥១នាក់ដែលជាសិស្សសាលាអនុវិទ្យាល័យ បានវិលត្រឡប់មកពីការប្រកួតកីឡាមួយ ហើយ​ក៏មានមនុស្ស​វ័យជំទង់៣នាក់អមដំណើរផងដែរ នៅពេលដែលអ្នកបើករថយន្តសាលារបស់ពួកគេស្រាប់បានតែផ្តូរផ្លូវ ហើយ​ស្រែកប្រកាសប្រាប់​ថា ពួកគេទាំងអស់គ្នានឹងត្រូវចាប់ជាចំណាប់ខ្មាំង ហើយគ្មាននរណាម្នាក់នឹងរួចរស់ជីវិតឡើយ។

បើតាមក្មេងៗសិស្សសាលា តៃកុងឡានរូបនោះ​បាននិយាយបូរបាច់ជាច្រើនថា មានមនុស្សជាច្រើននាក់មកពីអាហ្រ្វិក​បានបាត់បង់​ជីវិត​ជាបន្តបន្ទាប់នៅលើសមុទ្រមេឌីទែរ៉ាណេ ហើយ​វាគឺជាកំហុសរបស់​ឧបនាយករដ្ឋអ៊ីតាលី លោក Di Maio និង Salvini ដែល​មានជំហរ​តឹងរ៉ឹងខ្លាំងប្រឆាំងនឹង​ជនអន្តោប្រវេសន៍ ដោយក្នុងនោះរួមមានទាំងការព្យាយាមបិទកំពង់ផែអ៊ីតាលីមិនឲ្យទទួល​​កប៉ាល់​ដែលជួយសង្រ្គោះជនអន្តោប្រវេសន៍ជាដើម។

តៃកុងរថយន្តដឹកសិស្សសាលាខាងលើ ​ដែល​ត្រូវប៉ូលិសចាប់ខ្លួន ត្រូវគេរាយការណ៍ថា មានអាយុ៤៧ឆ្នាំ និងមានដើមកំណើតមកពី​ប្រទេសសេណេហ្គាល់​ ហើយលោក​បានធ្វើជាតៃកុងបើករថយន្តដឹកសិស្សនេះ តាំងតែពីឆ្នាំ២០០២មកម្ល៉េះ។ លោកបានលែងលះ​គ្នាជាមួយភរិយាដែលជាជនជាតិអ៊ីតាលី និងមានកូន២នាក់៕