(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានស្នើសុំសហភាពអឺរ៉ុបពន្យារពេល Brexit រហូតដល់ថ្ងៃទី៣០ ខែមិថុនា បន្ទាប់ពីកិច្ចព្រមព្រៀងរបស់លោកស្រីត្រូវបានសភាទាត់ចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសម័យប្រជុំសភានៅថ្ងៃពុធនេះ លោកស្រី Theresa May បានគូសបញ្ជាក់ដូច្នេះថា៖« ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំនឹងពន្យាពេល Brexit ឱ្យលើសពីថ្ងៃទី៣០ ខែមិថុនានោះទេ...ហើយខ្ញុំបានប្រគល់សំណើនេះឱ្យទៅប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk រួចហើយ»។ ប៉ុន្តែព្រមពេលជាមួយគ្នា សមាជិកសភាខ្លះបានចាត់ទុកថាការពន្យារពេល Brexit គឺជាទង្វើ ក្បត់ឆន្ទៈរបស់ប្រជាជន។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក អង់គ្លេសត្រូវចេញពីសហភាពអឺរ៉ុប ឬ Brexit នៅថ្ងៃទី២៩ ខែមីនា។ ប៉ុន្តែកិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុបរបស់លោកស្រី May ត្រូវបានសភាបដិសេធ ដូច្នេះលោកស្រីមានជម្រើសតែ២គត់នោះគឺពន្យារ ពេល ឬក៏ចាកចេញពីសហភាពអឺរ៉ុបតាមគ្រោងទុកដោយគ្មានកិច្ចព្រមព្រៀងជាមួយប្លុកអឺរ៉ុប៕