(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់​លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ចេញមុខជំទាស់ប្រឆាំងនឹង​កិច្ចប្រឹងប្រែង​របស់សហរដ្ឋអាមេរិក​ ដែល​កំពុង​ព្យាយាម​រារាំង​ក្រុមហ៊ុន​ទូរគមនាគមន៍ចិន Huawei មិនឲ្យចូលរួមក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​​​បណ្តាញ Network ជំនាន់​ក្រោយ 5G ដែលក្រុម​ហ៊ុនកំពុងនាំមុខគេខ្លាំងលើពិភពលោក។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងកំឡុងកិច្ចប្រជុំដំណោះស្រាយ​សកលប្រចាំឆ្នាំ Global Solutions Summit នៅទីក្រុងប៊ែរឡាំង លោកស្រី Merkel បាន​​លើក​​ឡើងយ៉ាងដូច្នេះថា «ពួកយើងមិន​គួរហាមឃាត់​ក្រុមហ៊ុនមួយ គ្រាន់តែក្រុមហ៊ុន​នោះមកពីប្រទេសណា​មួយ​ឡើយ។ ពួកយើងគួរតែ​ផ្តល់​ឱកាសឲ្យ​ដល់គ្រប់គ្នា»។ លោកស្រី​បានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់បានកត់សម្គាល់ថា ប្រទេស​ជាច្រើនក៏បានប្រើប្រាស់​បចេ្ចកវិទ្យា​របស់ Huawei។

គួរជម្រាបថា នៅក្នុងកិច្ចការ​អភិវឌ្ឍន៍​បណ្តាញ Network 5G ដ៏ចាំបាច់ អាល្លឺម៉ង់​បាន​ប្រឈមមុខជាមួយការព្រមានដាក់សម្ពាធ​ ពីសហរដ្ឋអាមេរិក​​ដែលជា​សម្ព័ន្ធមិត្ត ដែលចង់ឲ្យ​ហាមឃាត់ Huawei មិនឲ្យចូលរួម​ចំណែក​ក្នុងដំណើរការនេះ ដោយ​រួមមាន​​ទាំងការ​​ព្រមាន​លែង​ចែករំលែក​ព័ត៌មានសម្ងាត់ ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំងជាដើម។

ប៉ុន្មានខែចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បានខិតខំប្រឹងប្រែង​ជាខ្លាំង ដើម្បីតាមរុកគួន​​ក្រុមហ៊ុន Huawei ដោយបាន​ដាក់សម្ពាធ​បណ្តាប្រទេស​ជាសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យ​​ហាមឃាត់ Huawei កុំឲ្យ​ពាក់ព័ន្ធក្នុង​ការកសាង​បណ្តាញ Network 5G នៅក្នុងប្រទេស​​របស់ពួកគេ។ ទីក្រុងវ៉ាស៊ីនតោន​បានចោទថា Huawei បានលួចព័ត៌មាន​​ពាណិជ្ជកម្ម និងស៊ើបការណ៍​​ឲ្យ​រដ្ឋាភិបាល​ចិន ប៉ុន្តែក្រុមហ៊ុន Huawei បានចេញមុខអះអាងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធ​អ្វី​ជាមួយ​រដ្ឋាភិបាល​ចិន ដូច​សហរដ្ឋអាមេរិក​​បានចោទប្រកាន់​តែឯងនោះ​ឡើយ។

គួរជម្រាបថា បើតាមការលើកឡើងកន្លងមករបស់ក្រុមអ្នក​ជំនាញវិញ ទង្វើរុកគួន​របស់សហរដ្ឋអាមេរិក​ទៅលើ Huawei គឺដោយសារ​​តែ​មហាអំណាច​លេខ ១ ដែល​ធ្លាប់តែ​មាន​ឥទ្ធិពលគ្របដណ្តប់​លើពិភពលោកសឹង​តែគ្រប់វិស័យមួយនេះ ហាក់បាន​ភ្ញាក់រលឹកថា ចិនកំពុង​តែដើរ​នាំមុខខ្លួនក្នុងវិស័យបច្ចេកវិទ្យា​ទូរគមនាគមន៍ ជាពិសេសគឺការផ្គត់ផ្គង់​បណ្តាញ 5G នេះតែម្តង ទើប​​រដ្ឋបាល​អាមេរិក​ព្យាយាម​រិះរក​គ្រប់វិធី​ដើម្បីបង្អាក់​​ដំណើរការ​រីកធំធាត់​របស់ Huawei នេះ តាមរយៈ​អំណាច​​គម្រាម​កំហែង​របស់ខ្លួន ទៅកាន់​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​នានារបស់​ទីក្រុងវ៉ាស៊ីនតោន ដែល​​កំពុង​ទទួលសេវា​ពីក្រុមហ៊ុនចិន​ដ៏ធំមួយនេះ៕