(ម៉ូស្គូ)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ពីឡុតជំនួយម្នាក់បានជួយ​សង្រ្គោះពីឡុត​នៃយន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែលបាត់បង់​ការគ្រប់គ្រងមួយថ្ងៃ មុននឹងជួបសោកនាដកម្ម​ ធ្លាក់នៅប្រទេស​ឥណ្ឌូណេស៊ី។ នេះបើតាម​ការដកស្រង់ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ផ្អែក​លើប្រភពចំនួនពីរស្និទ្ធនឹងការស៊ើបអង្កេត​ដែលខ្លួនទទួល សារព័ត៌មាន Bloomberg បានឱ្យដឹង​ទៀតថា ពីឡុតជំនួយរូបនេះបានប្រាប់ពីឡុត​បញ្ជាយន្ដហោះ​ពីរបៀបដោះស្រាយ បញ្ហា​គាំងប្រព័ន្ធគ្រប់គ្រង​ការ​ហោះហើរ។ ប៉ុន្តែមួយ​ថ្ងៃបន្ទាប់​យន្ដហោះ Boeing 737 Max 8 ក្រោមការ​បញ្ជាដោយពីឡុត​ផ្សេងទៀត​ ស្រាប់តែធ្លាក់នៅឯសមុទ្រ​នៃកោះជា្វរបស់ប្រទេស​ឥណ្ឌូណេស៊ី ខណៈ មូលហេតុធ្លាក់​ត្រូវបានគេ​រាយការណ៍ថា មកពីបញ្ហាមិនដណើរការ​នៃប្រព័ន្ធ​គ្រប់គ្រង​ការហោះហើរស្វ័យប្រវត្តិ។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Lion Air បានបញ្ជាក់ថា ខាងក្រុមហ៊ុនមិន​ទាន់អាចធ្វើការ​អត្ថាធិប្បាយបន្ថែម​ណាមួយ​នោះទេ ខណៈការ​ស៊ើបអង្កេត​នៅតែបន្ត​ធ្វើឡើងនៅឡើយ។

គួរជម្រាបថា កាលពី​ខែតុលា ឆ្នាំ២០១៨ យន្ដហោះ Boeing 737 MAX 8​ របស់​ក្រុមហ៊ុន​ Lion Air បានធ្លាក់ចូល​សមុទ្រនៃ​កោះជ្វាប្រទេសឥណ្ឌូណេស៊ី​​ ដោយបានសម្លាប់​មនុស្ស ១៨៩នាក់ រីឯក្រុមអ្នកស៊ើប​អង្កេតបានចោទ​ប្រកាន់ក្រុមហ៊ុននេះ​ថា បានព្រងើយ កន្ដើយពីបទបញ្ជាឱ្យ​ផ្អាកប្រតិបត្តិការយន្ដហោះ​ដែលមាន​បញ្ហា។ ដោយឡែក​កាលពីថ្ងៃទី១០ ខែមីនា​កន្លងទៅ យន្ដហោះ​ប្រភេទនេះ​ដដែលបានធ្លាក់​នៅនៅអេត្យូពី​ជាថ្មី ដោយបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ ហើយវា​កំពុងធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់​កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន​ផលិតយន្ដហោះ​អាមេរិក Boeing៕