(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក អាច នឹងគាំទ្រ ឱ្យប្រេស៊ីលចូលជា សមាជិករបស់អង្គការណាតូ រួមទាំងអង្គការ សហប្រតិបត្តិការ និងការអភិវឌ្ឍ សេដ្ឋកិច្ច (OECD) ដើម្បីឱ្យប្រទេស ក្នុងតំបន់ អាមេរិកឡាទីន មួយនេះ កាន់តែងាយស្រូល ទិញអាវុធពី សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មា ន ចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ បែបនេះ នៅក្នុងជំនួបជាមួយ ប្រធានាធិបតី ប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍ ផងដែរថា នឹងផ្ដល់លក្ខន្តិកៈ ជាសម្ព័ន្ធមិត្ត ពិសេសរបស់អង្គការណាតូ ដល់ប្រទេស ប្រេស៊ីល ដែលនេះនឹង ជួយសម្រួលឱ្យប្រេស៊ីល កាន់តែងាយស្រួល ទិញបរិក្ខាយោធា ឬអាវុធ និងបច្ចេកវិទ្យា ពី សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពី ថ្ងៃអង្គារក្រសួងការបរទេសអាមេរិកក៏បានឱ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ ប្រេស៊ីល ស្ដីពីការការពារបច្ចេកវិទ្យាអាមេរិក ពាក់ព័ន្ធនឹងការចូលរួម ក្នុងការបោះ បង្ហោះ គ្រឿងយន្ដអាវកាសនៅក្នុង ប្រទេសអាមេរិកឡាទីនមួយនេះ៕