(វ៉ាស៊ីនតោន)៖ ក្រោយ​ពី​រូបភាពបែបត្លុក​មួយសន្លឹក​ត្រូវបានបង្ហោះលើ Instagram នោះ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានធ្វើការរិះគន់​លោក ចន ម៉ាកខេន (John McCain) សាជាថ្មីទៀត​ដោយប្រាប់អ្នក​សារព័ត៌មាននានាថា លោកមិនដែលជាអ្នកគាំទ្រ​របស់អតីតសមាជិកព្រឹទ្ធសភា​ នៃបក្សសាធារណរដ្ឋ​រូបនេះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន កំឡុងបើកកិច្ចជំនួបជា​មួយប្រធានាធិបតី​ប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃអង្គារ​​សប្ដាហ៍នេះ​លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនដែល​ធ្វើជាអ្នកគាំទ្រម្នាក់​របស់​លោក John McCain នោះទេ ហើយ​ខ្ញុំនឹងមិនធ្វើវា​ជារៀងរហូត... មួយវិញ​ទៀត ខ្ញុំពិតជា​មិនពេញចិត្តទាល់តែសោះ​ ដែលគាត់មិនបាន​លុបចោល ឬជំនួស​គោល​នយោបាយ Obamacare ដូចដែល​អ្នក​បានដឹង ខណៈគាត់​បានធ្វើយុទ្ធនាការ​ស្នើឱ្យលុបចោល​គោលនយោបាយនេះ​អស់រយៈ ពេលជា​ច្រើនឆ្នាំ»

គួរបញ្ជាក់ថា ការលើកឡើង​ខាងលើរបស់​លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពី​កូនស្រី លោក John McCain គឺលោកស្រី មេហ្គាន ម៉ាកខេន (Meghan McCain) បានបង្ហោះរូបភាព​មួយនៅលើ Instagram ដោយម្ខាង​បង្ហាញពីមេដាយយោធា​ ដែលឪពុករបស់លោកស្រី​ទទួលបាន រីឯម្ខាងទៀតគឺរូបក្បាលដោះជ័រសម្រាប់​ទារកបៅនៅក្រោមឈ្មោះ​លោក ដូណាល់ ត្រាំ។ លោក John McCain ជាអតីតសមាជិកព្រឹទ្ធសភា​បក្សសាធារណរដ្ឋ​នៃរដ្ឋ អារីហ្សូណា (Arizona) បានទទួលមរណភាព​ដោយសារជំងឺមហារីក​ កាលពីខែសីហា ឆ្នាំ២០១៨៕