(វ៉ាស៊ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសដាក់ទណ្ឌកម្ម​​ទៅលើ​​ក្រុម​ហ៊ុន​​រុករករ៉ែមាសនៃប្រទេសវេណេស៊ុយអេឡា ដោយសារគាំទ្រ​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក កញ្ចប់ទណ្ឌកម្មថ្មីនេះ មានគោលដៅលើក្រុមហ៊ុន Minerven ដែលជាក្រុមហ៊ុន​​​​ខាង​ជីករ៉ែមាសរបស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ រួមទាំងអគ្គនាយករបស់ក្រុមហ៊ុនគឺ លោក Adrian Antonio Perdomo Mata។ ក្រសួងហិរញ្ញវត្ថុ​អាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុន Minerven បានចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មមាសដោយខុសច្បាប់ ដែលបានបន្តជួយទប់ជំហរ​របស់រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ។

គួរជម្រាបថា គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩មក នេះគឺជាកញ្ចប់ទណ្ឌកម្មទី៦ហើយ របស់រដ្ឋបាល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពូនផ្តុំសម្ពាធលើ​លោក ម៉ាឌូរ៉ូ ខណៈដែលខ្លួនបានប្រកាសគាំទ្រ​មេបក្សប្រឆាំងវេណេស៊ុយអេឡាជា ប្រធានាធិបតីស្តីទី​នៃ​ប្រទេស​អាមេរិកឡាទីនមួយនេះ កាលពីថ្ងៃទី២៣ ខែមករា បន្ទាប់ពីលោក ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែងក្នុងអាណត្តិទីពីរ ជាប្រធានាធិបតីស្រប​ច្បាប់របស់វេណេស៊ុយអេឡា៕