(កាហ្សាក់ស្ថាន)៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev បានប្រកាសលាលែងចេញពីតំណែងហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីកាន់អំណាចអស់រយៈពេលជិត២៩ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

លោក Nazarbayev បានឡើងកាន់តំណែងជាប្រធានាធិបតីកាហ្សាក់ស្ថានចាប់តាំងថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០មកម្លេះ។ ប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះបានបញ្ជាក់នៅក្នុងសន្ទរកថា តាមកញ្ចក់ទូរទស្សន៍ជាតិដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្តបញ្ចប់ អំណាចរបស់ខ្ញុំជាប្រធានាធិបតី»។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការលែងពីតំណែងនៅឡើយទេ ដោយគ្រាប់តែ លោក Nazarbayev អះអាងថានឹងបន្តកាន់តំណែងជាប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិ, មេដឹកនាំគណបក្ស Nur Otan និងនៅតែបន្តជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

គួរបញ្ជាក់ថា ប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នឹងឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី ជាបណ្ដោះអាសន្ន រហូតដល់ប្រធានាធិបតីថ្មីត្រូវបានជ្រើសរើស៕