(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវ​មួយ ចេញ​ផ្សាយដោយ​សភាពាណិជ្ជកម្ម​អាមេរិក (United States Chamber of Commerce) នារដ្ឋធានី​វ៉ាស៊ីនតោន​​បានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក​ អាចនឹងធ្វើឱ្យសេដ្ឋកិច្ច​អាមេរិកខាតបង់ជាង «១ទ្រីលាន ឬ ១ពាន់ពាន់លានដុល្លារ» ក្នុងរយៈពេល​១០ឆ្នាំ ហើយវា​ក៏នឹងជះឥទ្ធិពល​អាក្រក់​ ជាពិសេសគឺបំផ្លាញដល់វិស័យ​ព័ត៌មាន និងបច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) នៃមហា​អំណាចលេខមួយ​លើលោកមួយនេះ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

យោងតាម​ការសិក្សាស្រាវជ្រាវ​ខាងលើ ចេញផ្សាយ​កាលពី​ថ្ងៃសុក្រសប្ដាហ៍​មុន ក្រោម​ចំណងជើងថា «ការវាយ​តម្លៃពីផល​ប៉ះពាល់ នៃពន្ធលើឧស្សាហកម្ម​អាមេរិក ICT» វិធានការ​ដំឡើងពន្ធរបស់ទីក្រុង​វ៉ាស៊ីនតោន​ អាចនឹងបង្កឲ្យ​ផលិតផលក្នុង​ស្រុកសរុប ឬដែលយើង​ហៅកាត់ថា GDP អាមេរិកខាតបង់ពី ៤៥ពាន់លានដុល្លារ ដល់ ៦០ពាន់លានដុល្លារ​នៅក្នុងឆ្នាំដំបូង​ បន្ទាប់ពីការអនុវត្តការដំឡើង​ពន្ធ។ មិនតែប៉ុណ្ណោះ វាអាចនឹង​កើនពី ៨៩ពាន់លាន ដល់ ១២៥ពាន់លានដុល្លារ​សម្រាប់ពេល ០៥ឆ្នាំបន្ទាប់ ដែលនេះ​អាចនឹងធ្វើឱ្យសេដ្ឋកិច្ច​អាមេរិកខាតបង់ ១ទ្រីលានដុល្លារ ក្នុងរយៈ​ពេល១០ឆ្នាំ នៃការអនុវត្ត​ការដំឡើង​ពន្ធនោះ​។

គួរបញ្ជាក់ថា ការសិក្សាខាងលើ​ក៏បានព្យករណ៍ផងដែរថា កំណើនសេដ្ឋកិច្ចសកល​នឹងកើនឡើង ១៥១.៤ពាន់លានដុល្លារ ឬស្មើនឹង ០.២​ភាគរយ ពោលគឺទាបជាងការ​រំពឹងទុក​ក្នុង​ឆ្នាំ២០២៥ នៅក្នុងករណី​ដែលការដំឡើងពន្ធលើ​ផលិតផលចិន​ក្នុងតម្លៃ ២០០ពាន់​លានដុល្លារ ត្រូវបង្កើន ២៥ភាគរយបន្ថែម ហើយចាត់វិធានការ​សងសឹកវិញមែន​នោះ៕