(ហាណូយ)៖ តុលាការមួយ​នៅក្នុងប្រទេស​វៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិត​មនុស្ស ០៣នាក់ និងម្នាក់​ទៀតដាក់ ពន្ធនាគារ​អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​តុលាការទីក្រុង​ហាណូយ បានផ្ដន្ទាទោស​ប្រហារជីវិតស្ត្រី ០២នាក់​មាន​ឈ្មោះ វូ ធីធូហៃ (Vu Thi Thu Hoai) និង វូ ធីហៃយ៉េន (Vu Thi Hai Yen) និងបុរសម្នាក់​ទៀតឈ្មោះ ឡេ ទ្រុងថាញ់ (Le Trung Thanh) ខណៈស្ត្រីម្នាក់​ទៀតឈ្មោះ ផាម ធីហុប (Pham Thi Hop) ត្រូវបាន​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​អស់មួយជីវិត ហើយអ្នកទាំងអស់​នេះសុទ្ធតែមកពី​ទីក្រុង ហៃផុង (Hai Phong) ភាគខាងជើងប្រទេស​វៀតណាម។ ប៉ុន្តែ​ស្ត្រីឈ្មោះ Hop ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារអស់​មួយជីវិត ដោយសារតែនាង​មានកូនម្នាក់អាយុ​ក្រោម ៣៦ខែ បើទោះបីជា នាងជា​មេគំនិតក៏​ដោយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នាង Hop បានប្រើ​ឱ្យនាង Hoai និងនាង Yen ដឹក​គ្រឿងញៀន​សំយោគមាន​ទម្ងន់ ២.៦គីឡូក្រាម​ពីទីក្រុង ហូជីមិញ (Ho Chi Minh) ទៅកាន់​ទីក្រុង Hai Phong។ តែអ្នកទាំងពីរ​ត្រូវបានប៉ូលិសចាប់ខ្លួន​នៅឯអាកាសយានដ្ឋាន អន្តរជាតិ ណយបៃ (Noi Bai International Airport) ក្នុងទីក្រុង​ហាណូយ។ ចំណែកឯ បុរសឈ្មោះ Thanh ក៏បានជួញដូរ​គ្រឿងញៀន មេតំហ្វេតាមី (Methamphetamine) ក្រោមការរៀបចំ​របស់ស្ត្រីឈ្មោះ Hop នេះដែរ​ពីកម្ពុជា ​ចូលទឹកដីវៀតណាម​កាលពី​ខែវិចិ្ឆកា ឆ្នាំដដែល។

យោងតាមច្បាប់​វៀតណាម អ្នកជួញដូរគ្រឿងញៀន​ហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង Methamphetamine ២.៥គីឡូក្រាម​ឡើងទៅ​នឹងត្រូវទទួលការផ្ដន្ទាទោស​ប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀន​ហេរ៉ូអ៊ីន ឬគ្រឿងញៀនខុសច្បាប់​ដទៃទៀត ក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខ​ទោសប្រហារ​ជីវិតដែរ។ ដោយឡែក​ការ​លើក​លែង​ទោសប្រហារជីវិតឲ្យមេខ្លោងខាងលើនេះ គឺជាករណី​ពិសេស​កម្រកើត​មាន៕