(វ៉ាស៊ីនតោន)៖ ក្រុមបក្ស​ប្រឆាំង​វេណេស៊ុយអេឡា បានចូលគ្រប់គ្រងអគារការទូត​ចំនួន ០៣ របស់​វេណេស៊ុយអេឡា​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយមាន​គោលដៅនឹងបន្តព្យាយាម​ធ្វើបែបនេះ​ទៀត​នាពេល​អនាគត ដោយរួមទាំង​ស្ថានទូត​​វេណេស៊ុយ​អេឡា​ផ្ទាល់។ នេះបើ​តាម​​​ការឲ្យដឹងពី​​លោក ខាឡូស វ៉ិកឈីអូ (Carlos Vecchio) ជាបេសកជនរបស់មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ហ្សាន ហ្គៃដូ (Juan Guaido) ប្រចាំនៅអាមេរិក​ដកស្រង់​សម្តី​​ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

នាថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) លោក Vecchio បានប្រាប់​ក្រុមអ្នកសារព័ត៌មាន​នានាយ៉ាងដូច្នេះថា «ថ្ងៃនេះ​យើងបាន​កាន់​កាប់​​អគារការទូត​វេណេស៊ុយអេឡា​ចំនួន ០៣កន្លែង ក្នុងនោះ០២កន្លែងស្ថិតនៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ផ្ទាល់ និងមួយទៀត​​គឺជា​​កន្លែងផ្តល់​សេវាកុងស៊ុល»។ លោក Vecchio បានបញ្ជាក់ថា អគារទាំង ៣ គឺជារបស់រដ្ឋាភិបាល​វេណេស៊ុយអេឡា។ រដ្ឋាភិបាល​​ទីក្រុង​​ការ៉ាកាស់ក៏​បានទទួលស្គាល់​ផងដែរថា ​បណ្តាការិយាល័យ​តំណាង​ផ្នែកការទូតទាំងនេះនៅលើទឹកដីអាមេរិក ត្រូវបាន​​ក្រុម​បក្ស​ប្រឆាំងដណ្តើម​កាន់កាប់ដោយ​ខុសច្បាប់។

បើតាមបេសកជន​រូបនេះ អគារមួយក្នុងចំណោម​អគារទាំង ០២ នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន គឺអគារកិច្ចការ​យោធា ដែលជារបស់​ក្រសួង​ការពារជាតិ​វេណេស៊ុយអេឡា ដោយ​អ្នកគ្រប់គ្រង​​នៃអគារនេះ គឺលោក ចូស ល្វីស ស៊ីលវ៉ា (Jose Luis Silva Silva) ជាតំណាង​យោធារបស់​​វេណេស៊ុយអេឡាប្រចាំ​នៅវ៉ាស៊ីនតោន ដែលបាន​ប្រកាស​ទទួលស្គាល់ លោក Guaido ជាមេដឹកនាំ​វេណេស៊ុយអេឡា។ ក៏ប៉ុន្តែ​​លោក Vecchio មិនបានបង្ហើប​ឲ្យដឹងលម្អិតពី​អគារទីពីរ​នៅក្រុងវ៉ាស៊ីនតោន​ឡើយ ខណៈ​អគារទីបី​គឺជាអគ្គកុងស៊ុល​វេណេ​ស៊ុយអេឡា​នៅញូយ៉ក។ បើតាម​លោក Vecchio ក្រុមបក្ស​ប្រឆាំងនឹងបន្តព្យាយាម​ដណ្តើម​កាន់កាប់ ស្ថានទូត​វេណេស៊ុយអេឡា​​​តែម្តង ក្នុងពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ។

គួរជម្រាបថា សហរដ្ឋអាមេរិក​រួមជាមួយប្រទេស ៥៤ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ បានប្រកាស​ទទួលស្គាល់​លោក Guaido ពេញទំហឹង​ជា​​ប្រធានាធិបតីស្តីទី​នៃប្រទេស​វេណេស៊ុយអេឡា និង​អំពាវនាវឲ្យរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ រៀបចំការ​បោះឆ្នោត​ឡើងវិញ​ដោយ​មានបក្ស​ប្រឆាំង​លោក ហ្គៃដូ ចូលរួមផងដែរ៕