(ម៉ូស្គូ)៖ នាយក​ប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) បានអះអាងថា ក្រុមហ៊ុន​ផលិត​យន្ដហោះ​អាមេរិក​មួយនេះ​កំពុងចាត់វិធានការ​ ដើម្បីធានា​សុវត្ថិភាពពេញលេញ​នៃយន្ដហោះ​ត្រកូល 737 MAX​ ដោយផ្អែក​លើ​អ្វីដែលបាន​រកឃើញ​នៅក្នុងការស៊ើបអង្កេត ​ជុំវិញសោកនាកម្មធ្លាក់យន្ដហោះ​នៅប្រទេស​អេត្យូពី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃចន្ទ​សប្ដាហ៍នេះ លោក Muilenburg បានលើក​ឡើងយ៉ាងដូច្នេះថា​ «សុវត្ថិភាពគឺ​ជាស្នូលដែលបញ្ជាក់ថា​ យើងជានរណានៅ Boeing ហើយការធានា​សុវត្ថិភាព និងទំនុកចិត្តពីអ្នក​ដំណើរ ព្រមទាំងអតិថិជន​គឺជាតម្លៃ និងការប្ដេជ្ញា​ចិត្តរបស់​យើង... ផ្អែកលើអ្វីដែល​បានរកឃើញ​នៅក្នុងការស៊ើប​អង្កេត លើ​គ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់​ក្រុមហ៊ុន អាកាសចរណ៍ Lion Air និង Ethiopian Airlines យើងកំពុង​ចាត់វិធានការនានា​ ដើម្បីធានាសុវត្ថិភាព​នៃយន្ដហោះ​ត្រកូល 737 MAX​ យ៉ាងពេញ​សំដៅទប់ស្កាត់ សោកនាកម្ម​នៅពេលអនាគត​កុំឱ្យកើតឡើង»

គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់​យន្ដហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន Ethiopian Airlines នៅប្រទេសអេត្យូពី​បានផ្ដាច់​ជីវិតមនុស្ស ១៥៧នាក់ ខណៈមូលហេតុ​ធ្លាក់ត្រូវបានសន្និដ្ឋានថា មានភាពស្រដៀងគ្នា​នឹងសោកនាដកម្ម​ធ្លាក់យន្ដហោះ​ប្រភេទនេះ នៃក្រុមហ៊ុន Lion Air នៅឥណ្ឌូណេស៊ី​ដែលសម្លាប់ជីវិតមនុស្ស ១៨៩នាក់​កាលពី​ចុង​ខែតុលា ឆ្នាំ២០១៨ ដែលពាក់ព័ន្ធនឹងដំណើរការ​នៃប្រព័ន្ធចង្អុល​ប្រាប់ទិស​ស្វ័យប្រវត្តិ នៅពេល​​ដែល​យន្តហោះ​ជួបគ្រា​អាសន្នភ្លាមៗ៕