(ម៉ូស្គូ)៖ យន្តហោះ​ដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737-800 បាន​ធ្វើការ​ចុះចត​ទាំងប្រថុយប្រថាននៅ​អាកាសយានដ្ឋានអន្តរជាតិទីក្រុង សូឈី (Sochi) នៃប្រទេសរុស្ស៊ី បន្ទាប់​ពីបានហោះចេញមកពីទីក្រុងម៉ូស្គូ ទាំងដែលក្រុមអាកាសយានិក​ដឹងថា ​ស្លាបមួយចំហៀង​របស់វា។ នេះបើតាម​ការ​ចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

សារព័ត៌មាន​ខាងលើបានបន្តទៀតថា យន្តហោះ Boeing នេះ​មានផ្ទុកអ្នកដំណើរ ១០៦នាក់ បាន​ចាកពី​អាកាសយានដ្ឋាន​អន្តរជាតិ ហ្សែរែមេទីយែវ៉ូ (Sheremetyevo) នៃ​រដ្ឋធានី​ម៉ូស្គូ ហើយបានព្យាយាម​ហោះ​សម្តៅ​មក​កាន់​អាកាសយានដ្ឋានអន្តរជាតិ Sochi ​ទាំងដែល​ស្លាបមួយចំហៀ​ង​របស់វាកំពុងមាន​បញ្ហា ប៉ុន្តែជាសំណាងល្អ​​ដែលការចុះចត​នោះ បានប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យសប្តាហ៍មុន ខណៈព័ត៌មាន​នេះ​ទើប​បញ្ជាក់ឲ្យដឹង​​នៅព្រឹក​ថ្ងៃអង្គារនេះ​ប៉ុណ្ណោះ (ពេលវេលា​នៅ​ទីក្រុងម៉ូស្គូ)។

គួរបញ្ជាក់​តាមសម្តី​មន្ត្រី​ជំនាញ​រុស្ស៊ីឲ្យដឹងថា «យន្តហោះ​​ខាងលើនេះ​នៅតែ​ព្យាយាម​ធ្វើការចុះចត​ ទោះបីជាដឹងថាម៉ាស៊ីន​ផ្នែកស្លាបមួយចំហៀងកំពុង​ជួ​បបញ្ហាក៏ដោយ»។ នៅពេល​យន្តហោះ​ Boeing 737-800 បានធ្វើដំណើរ​​​មកជិតដល់​​ទីក្រុង Sochi អាកាស​យានដ្ឋាន​អន្តរជាតិ​នេះទាំង​មូល​ត្រូវបាន​ក្រើនរំលឹក​ដោយសញ្ញាប្រកាសអាសន្ន រហូតទាល់តែ​យន្តហោះ​ជាមួយអ្នកដំណើរ ១០៦នាក់នេះ ចុះចត​ប្រកប​ដោយ​សុវត្ថិភាព៕