(ហូឡង់)៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស៣នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារ មួយ នៅក្នុងរថភ្លើងដើរដោយថាមពលអគ្គិសនីនៅឯទីក្រុង Utrecht នៃភាគកណ្ដាលប្រទេសហូងឡង់ កាលពីថ្ងៃចន្ទ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

យោងតាមប៉ូលិសហូឡង់ ជនសង្ស័យខាងលើមានឈ្មោះ Gokmen Tanis មានអាយុ៣៧ឆ្នាំ និងជាពលរដ្ឋតួកគី ហើយរូបគេ ត្រូវបានចាប់ខ្លួននៅក្នុងអគារមួយកន្លែងដែលស្ថិតនៅចំងាយ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ប៉ុន្តែទន្ទឹមគ្នា ប៉ូលិសហូឡង់ មិនទាន់អាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ដែលកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី មានការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់ នៅក្នុងវិហារអ៊ីស្លាមចំនួន២នៅឯប្រទេសនូវែលសេឡង់។

គួរបញ្ជាក់ថា ភា្លមៗក្រោយមានការបាញ់ប្រហារខាងលើ ប៉ូលិសហូឡង់បានសន្និដ្ឋានបឋមថាវាអាចជាសកម្មភាពភេរវកម្ម តែ នៅក្នុងសន្និសីទសារព័ត៌មាន រាជអាជ្ញាម្នាក់បានអះអាងថាហេតុការណ៍បាញ់ប្រហារនេះអាចមានជាប់ពាក់ព័ន្ធនឹង បញ្ហាគ្រួសារ៕