(ហាណូយ)៖ ក្មេងៗសាលាមត្តេយ្យ​សរុប២០៩នាក់ នៅខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេធ្វើតេស្ត រក​ឃើញថាមានផ្ទុកតេនញ៉ាជ្រូក (Pork Tapeworm) ខណៈដែលឪពុកម្តាយរបស់ពួកគេ​បានទម្លាក់កំហុសទៅលើ​​ម្ហួបអាហារ​ដែល​ខូចនៅឯសាលាមត្តេយ្យរបស់ក្មេងៗទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅ​ល្ងាចថ្ងៃ​ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

ក្មេងៗប្រមាណជា២,០០០នាក់ ជាពិសេសនៅស្រុក Thuan Thanh នៃខេត្ត Bac Ninh ត្រូវបានឪពុកម្តាយនាំយកទៅធ្វើតេស្ត​រក​​ឃើញវត្តមានតេនញ៉ា នៅរដ្ឋធានីហានូយ ក្រោយពីសាច់ជ្រូកដែលសង្ស័យថាមានផ្ទុកពពួកបរាសិតនេះ ត្រូវបានរកឃើញនៅ​​តាមផ្ទះបាយនៃសាលាមត្តេយ្យរបស់ពួកគេ។ ទោះជាបែបនេះក្តី ប្រភពពិតប្រាកដនៃការឆ្លងមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់​ពី​​សំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។

គួរជម្រាបថា តេនញ៉ាជ្រូកឆ្លងមកកាន់មនុស្សតាមរយៈការបរិភោគ​អាហារដែលខូច ហើយនៅពេលឆ្លង ពួកវាអាចរាលដាល​ទៅ​​ដល់កន្លែងខុសគ្នាក្នុងរាងកាយើង រួមមានសាច់ដុំ កែវភ្នែក និងខួរក្បាលជាដើម។ រីឯរោគសញ្ញាវិញរួមមានដូចជា ស្កន់ជាន់ ខ្វិន ឈឺក្បាលខ្ទាំៗ និងបាត់បង់ការចងចាំជាដើម ប្រសិនបើពពួកបរាសិតនេះ ជ្រៀតចូលទៅដល់ខួរក្បាល ឬខ្វាក់បើសិនពួកវា​ចូល​ដល់ផ្នែក។ ដើម្បីសម្លាប់តេនញ៉ាដែលមានធំពេញវ័យ គេត្រូវចំណាយពេលត្រឹម១ថ្ងៃ ហើយដើម្បីកម្ទេចរាល់ស៊ុតរបស់វាទាំង​អស់នៅក្នុងរាងកាយយើងត្រូវប្រើពេល០២សប្តាហ៍៕