(ហូឡង់)៖ ប៉ូលិសបាន​ឲ្យដឹងថា មនុស្សមួយចំនួន​បានទទួលរង​របួសក្នុងករណី​បាញ់ប្រហារ​មួយនៅ​ទីក្រុង យូតរិច (Utrecht) ដែលស្ថិត​នៅភាគកណ្តាល​ប្រទេស​ហូឡង់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Aljazeera នៅល្ងាច​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

​យ៉ាងណាមិញ វាមិនទាន់ច្បាស់​នៅឡើយទេថា មានរឿងអ្វីកើតឡើង​ឲ្យប្រាកដ នៅក្នុងកន្លែង​កើតហេតុ។ បើតាមសម្តី​សាក្សី​ខ្លះៗវិញ ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើតមាន​នៅក្នុង​យានជំនិះ Tram មួយគ្រឿង។ ប៉ូលិស​ហូឡង់បានឲ្យ​ដឹងថា ជនសង្ស័យ​បានរត់គេច​ខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោម​ការតាម​ចាប់ខ្លួន។

គួរជម្រាបថា ខណៈសេវា​សង្រ្គោះបន្ទាន់​រួមមានទាំងប៉ូលិស និងឧទ្ធម្ភាគចក្រពេទ្យ​កំពុងស្ថិត​នៅកន្លែង​​កើតហេតុ ហើយតំបន់​​នោះ​ត្រូវបានបិទមិនឲ្យសាធារណជន​ចេញចូល​ឡើយ៕