(កង់បេរ៉ា)៖ យុវជនដែល​បានយកពងមាន់​​ទៅខោកក្បាល​ សមាជិកព្រឹទ្ធសភា​អូស្រ្តាលី​ម្នាក់ដែលមានទំនោរស្តាំនិយមនោះ​ ដោយសារ​តែ​ពាក្យសម្តី​គេចោទថា មិនសមរម្យ​របស់លោកជុំវិញករណីបាញ់​ប្រហារនៅព្រះវិហារ​ក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ត្រូវបានលើក​​តម្កើង​ជា «វីរៈបុរស» ដោយបណ្តាអ្នក​​ប្រើប្រាស់​បណ្តាញអ៊ីនធើណែត​ ដែលបានរួមគ្នា​រៃអង្គាសលុយ​​រាប់ពាន់ដុល្លារ ដើម្បីគាំទ្រ​ដល់​​​គោល​ជំហរ​​របស់​យុវជនរូប​នេះ​។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

យុវជនខាង​លើឈ្មោះ វីលៀម ខុនណូលលី (William Connolly) ដែលឥឡូវត្រូវគេស្គាល់ថា «Eggboy ឬក្មេងប្រុសពងមាន់» បានយកពង​​មាន់មួយ​គ្រាប់ទៅគោះក្បាល​​លោក ហ្វ្រេស៊ឺ អាននីង (Fraser Anning) ដែលជា​សមាជិកព្រឹទ្ធសភា​អូស្រ្តាលី កំឡុងពេល​រូបលោកកំពុងឈរធ្វើ​អត្ថាធិប្បាយជាមួយ​ក្រុមអ្នក​សារព័ត៌​មាន​ នៅឯទីក្រុង មែលប៊ន (Melbourne) នៅថ្ងៃអាទិត្យសប្តាហ៍មុន។

លោក Anning បានបង្កឲ្យ​មហាជន​ភាគច្រើនមានការមិនពេញ​ចិត្តជាខ្លាំង តាមរយៈ​ការលើកឡើងថា ​ករណី​បាញ់ប្រហារ​នៅនូវែលសេឡង់ ដែលបានផ្តាច់ជីវិតមនុស្ស​ ៥០នាក់ នៅក្នុងព្រះវិហារ​អ៊ីស្លាមពីរកន្លែង​​នោះ គឺបណ្តាលមក​ពីការធ្វើអន្តោប្រវេសន៍​ នៃជនមូស្លីមទៅ​កាន់ប្រទេស​នូវែសេឡង់ ខណៈ​ដែលជនរងគ្រោះទាំងអស់ គឺសុទ្ធសឹងតែ​អ្នកកាន់​សាសនា​អ៊ីស្លាម។

គួរជម្រាបថា ទង្វើរបស់​យុវជន Connolly ទទួលបានគាំទ្រ​យ៉ាងក្រាស់ក្រែល​ពីសំណាក់​អ្នកប្រើប្រាស់បណ្តាញសង្គម​នៅជុំវិញ​​ពិភព​លោក ដោយក្នុងនោះ​រួមមានទាំងការរួមគ្នា​រៃអង្គាសប្រាក់​បានដល់​ ៣១,០០០ដុល្លារ​ថែមទៀតផង។ ទន្ទឹមនេះ​ដែរពាក្យសម្តី​របស់លោក Anning ក៏បានទទួល​រងការថ្កោលទោស​ពី​នាយករដ្ឋមន្រ្តីអូស្រ្តាលី​ផ្ទាល់ គឺ​លោក ស្កុត ម៉ារីសុន (Scott Marrison) ​ក៏ដូចជាអតីត​នាយករដ្ឋមន្រ្តី​អូស្រ្តាលី លោក ខេវិន រ៉ាដដ៍ (Kevin Rudd) ដែលបានជំរុញ​ប្រជាជន​អូស្រ្តាលីឲ្យរួមគ្នាដាក់ញត្តិ​ទាមទារ​ឲ្យ​​លោក Anning លាលែង​ពីព្រឹទ្ធសភា​ថែមទៀត​ផង៕