(ហ្សាការតា)៖ គ្រោះធម្មជាតិពីរដាច់ដោយឡែកពីគ្នានោះគឺ គ្រោះធម្មជាតិទឹកជំនន់ និង​បំណាក់ដីនៅក្នុងខេត្តប៉ាពួរ (Papua) ភាគខាងកើតប្រទេស បានផ្តាច់ជីវិត​ប្រជាជន​សរុប ៧៧នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ ខណៈ​ភ្ញៀវទេសចរ ០៣នាក់ ក្នុងនោះមាន​ជនបរទេស ០២នាក់បានស្លាប់ និងជាច្រើននាក់​ទៀតរងរបួស នៅក្នុងគ្រោះ​រញ្ជួយដីដែល​បង្កទៅ​ជាបំណាក់​ដី សង្កត់​រម្មណីយដ្ឋាន​មួយកន្លែងនៅឯកោះ​លុមបុក (Lombok) នៃខេត្តនូសា តេងហ្គារ៉ា (Nusa Tenggara) ភាគខាងលិច។ នេះបើតាម​ការចេញផ្សាយដោយ​​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីគ្រោះមហន្តរាយទឹកជំនន់ និង​បំណាក់ដី​បានកើតមានឡើង​នៅក្នុងខេត្ត Papua កាលពីចុងសប្តាហ៍មុននេះ ដោយសារតែតំបន់ខាងលើ​បានទទួលរង​ភ្លៀងធ្លាក់យ៉ាងដំណំ ហើយ​កាលពីថ្ងៃអាទិត្យម្សិញមិញនេះ​ តួលេខពីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្សស្លាប់មានចំនួន ៥៨នាក់ ប៉ុន្តែក្រោយ​ការរកឃើញ​សាកសពបន្ថែមទៀតនៅថ្ងៃចន្ទនេះ ទើបចំនួនបានកើនដល់ ៧៧នាក់ ខណៈ​មានការព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀត។

ដោយឡែក​គ្រោះរអិលបាក់ដីមួយទៀត ដែលបានសម្លាប់​ជីវិតមនុស្ស ០៣នាក់នោះ បានកើតឡើងបន្ទាប់ពីកើតមាន​គ្រោះរញ្ជួយដី​កម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារ​នៅលើ​កោះ Lombok ភាគខាងត្បូង​ប្រទេស​ឥណ្ឌូណេស៊ី។ គ្រោះរញ្ជួយដី​នេះ​បានវាយប្រហារ​លើតំបន់ស្ថិត​នៅចំងាយ ០៤គីឡូម៉ែត្រ ពីកោះ សេមបាលុនប៊ុមបាំង (Sembalunbumbung) កាលពីថ្ងៃអាទិត្យ ជាមួយជម្រៅ​រញ្ជួយទៅ​ក្នុងដី ២៣.៦១គីឡូម៉ែត្រ៕