(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកកំពុងពិចារណារក្សាទុកកម្លាំងទ័ព​រហូតដល់១,០០០នាក់ នៅក្នុងប្រទេសស៊ីរី ដែល​វាគឺ​​កាន់តែឃ្លាត​ឆ្ងាយទៅៗ​ពី​គម្រោង​ដើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ដកទ័ពចេញទាំងអស់​​។ នេះ​បើ​តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានអាមេរិក The Wall Street Journal ដែលផ្អែកលើប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក ​កងទ័ពប្រមាណ​១,០០០នាក់នោះ នឹងត្រូវដាក់ពង្រាយ​ពីខាងជើងទៅដល់ខាងត្បូង​​ស៊ីរី ដើម្បីបន្តកិច្ចការងារជាមួយ​ក្រុមអ្នកប្រយុទ្ធឃើដ។ ប៉ុន្តែ​​ការដកទ័ពនេះនឹងធ្វើឡើងបន្ទាប់ពីមូលដ្ឋានចុងក្រោយបំផុត​របស់​ក្រុមភេរវករ ISIS នៅ​ស៊ីរី ត្រូវបានដណ្តើមយកវិញ ​​ដោយ​វានឹងស្របទៅតាមគម្រោងដើមរបស់លោក ត្រាំ។

គួរជម្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងរក្សាទុក​កងទ័ព​ប្រហែល២០០នាក់នៅ​ក្នុង​ទឹកដីស៊ីរី បន្ទាប់ពីមានការប្រកាសដកទ័ពចេញពីប្រទេសមជ្ឈិមបូព៌ានេះ ហើយនៅថ្ងៃបន្ទាប់ លោក ត្រាំ ផ្ទាល់ ក៏បានបញ្ជាក់​ផង​​ដែរ​ថា កម្លាំងទ័ពអាមេរិកមួយចំនួនតូច នឹងរក្សាវត្តមាននៅស៊ីរីជាមួយ​កងទ័ពនៃបណ្តាប្រទេសដទៃទៀត។ ​ដោយឡែក ក្រោយមក​ទៀត សារព័ត៌មានអាមេរិកបានរាយការណ៍ថា យោធាអាមេរិកនឹងទុកកងទ័ព​ប្រមាណ៤០០នាក់នៅក្នុង​តំបន់​ចំនួន​ពីរ​​របស់ស៊ីរី​។

នៅខែធ្នូ ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ ​ដោយប្រកាសពីជ័យជម្នះលើពួក ISIS បានប្រកាសពីការដកទ័ពចេញទាំងអស់ពី​ស៊ីរី​ ដែលទង្វើនេះបាននាំឲ្យ​រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis លាលែងពីតំណែង៕