(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo​ បានរាយការណ៍ថាសហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការងាររួមគ្នាលើការអភិវឌ្ឍ ប្រព័ន្ធរ៉ាដា៣៦០ដឺក្រេថ្មីមួយ សម្រាប់ប្រព័ន្ធមីស៊ីល Aegis ដែលបំពាក់លើនាវាចម្បាំងអាមេរិកដើម្បីពង្រឹងសមត្ថភាពការពារ ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។

យោងតាម Kyodo ក្រៅតែ​ពង្រឹងសមត្ថភាពការពារខ្លួន ប្រព័ន្ធរ៉ាដាថ្មីនេះក៏មានគោលដៅទប់ទល់នឹងអាវុធថ្មីដែលចិន និងរុស្ស៊ី ទើបតែផលិតបានផងដែរ ក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេងជាដើម ខណៈគម្រោងសម្របសម្រួលរួមគ្នារវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានឈានដល់ដំណាក់កាលចុងក្រោយហើយ។​

គួរបញ្ជាក់ថា បច្ចុប្បន្ន នាវាចម្បាំងរបស់កងនាវាអាមេរិកគឺពឹងផ្អែកលើប្រព័ន្ធរ៉ាដា AN/SPQ-9B ដែលមានសមត្ថភាពចាប់ សញ្ញា ឬគោលដៅសត្រូវក្នុងរយៈកម្ពស់ទាប។ ប្រព័ន្ធរ៉ាដានេះក្នុងមួយគ្រឿងមានតម្លៃ៤.១លានដុល្លារ ហើយប្រព័ន្ធរ៉ាដាថ្មី​ អាចនឹងមានតម្លៃថ្លៃជាងនេះ៕