(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទ Google ដែលជា​ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសរបស់លោកថា កំពុងតែជួយបង្កើនភាពជឿនលឿននៃវិស័យយោធាចិន តាមរយៈការធ្វើអាជីវកម្មនៅក្នុងប្រទេសអាស៊ីមួយនេះ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter នាថ្ងៃសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «​ក្រុមហ៊ុន Google កំពុងជួយចិននិងវិស័យយោធារបស់ពួកគេ គឺមិនមែនសហរដ្ឋអាមេរិក ពិតជាមិនល្អទាល់តែសោះ»។ កាលពី​ថ្ងៃទី១៤ ខែមីនា មេបញ្ជាការយោធាអាមេរិក លោក Joseph Dunford ​ក៏បានថ្លែងប្រាប់សភាផងដែរថា ក្រសួងការពារជាតិអាមេរិក មានការព្រួយ​បារម្ភខ្លាំងថា Google កំពុងជួយបង្កើនភាពជឿនលឿន​នៃវិស័យយោធារបស់ចិន តាមរយៈការធ្វើអាជីវកម្មក្នុងប្រទេសចិន។

គួរជម្រាបថា បើតាមការបកស្រាយរបស់រដ្ឋមន្រ្តីការពារជាតិស្តីទី​របស់សហរដ្ឋអាមេរិក លោក Patrick Shanahan អាជីវកម្មរបស់ក្រុមហ៊ុន​​និងការអភិវឌ្ឍនៃវិស័យយោធា គឺមានទំនាក់ទំនងដោយផ្ទាល់រវាងគ្នា ហើយលោកក៏បានអះអាងដែរថា ការលួចបច្ចេកវិទ្យា​អាមេរិកជា​ប្រព័ន្ធ​ដោយ​ក្រុមហ៊ុនចិន កំពុងតែជួយបង្កើនការរីកចម្រើនផ្នែកបច្ចេកវិទ្យា​របស់ទីក្រុងប៉េកាំង នៅក្នុងវិស័យការពារជាតិ៕