(ប៉ារីស)៖ ប៉ូលិសបារាំងបានចាប់ឃាត់ខ្លួន​មនុស្សជាង២០០នាក់ នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅបារាំង) ក្រោយពីអំពើហិង្សាបាន​ផ្ទុះ​ឡើង នៅឯទីក្រុងប៉ារីស ក្នុងអំឡុងការធ្វើបាតុកម្មនៃចលនាអាវកាក់ពណ៌លឿង ដែលបានអូសបន្លាយជិត២០សប្តាហ៍​មកហើយ។ នេះបើ​តាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

បើតាមការឲ្យដឹងពីប៉ូលិសនៃទីក្រុងប៉ារីស មនុស្សសរុបកើនដល់២៣៧នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពី​​ក្រុមបាតុករពាក់ម៉ាស់បិទមុខ បាន​បង្ក​ភាពចលាចល​នៅលើដងវិថី Champs Elysses តាមរយៈការដុតបំផ្លាញក៏ដូចជាវាយកម្ទេចទ្រព្យសម្បត្តិសាធារណៈ ហាងលក់ទំនិញ និង​អគារផ្សេងៗ ហើយជនទាំងនោះក៏បានចោលវត្ថុមួយចំនួនផងដែរ ទៅលើកងកម្លាំងសន្តិសុខបារាំង ដែលជាហេតុបង្ខំឲ្យមានការឆ្លើយតប​វិញដោយការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។

រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner បាននិយាយថា នៅក្នុងអំឡុងការធ្វើបាតុកម្មដោយស្ងប់ស្ងាត់ ​ក្រុមជនមួយចំនួន​បាន​ឆ្លៀត​​​ឱកាស​បង្កភាពវឹកវរ ខណៈនាយករដ្ឋមន្រ្តីបារាំង លោក Edouard Philippe ក៏បានថ្កោលទោសទង្វើនេះផងដែរ។ ប៉ូលិសទីក្រុង​ប៉ារីស​បាន​​បញ្ជាក់ថា មនុស្ស៦០នាក់ ក្នុងនោះមានមន្រ្តីប៉ូលិស១៧នាក់ ​ក៏បានទទួលរងរបួស ក្នុងអំពើហិង្សាថែមទៀតផង។

គួរជម្រាបថា បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង​នាថ្ងៃសៅរ៍សប្តាហ៍នេះ បានឈានចូលសប្ដាហ៍ទី១៨ហើយ គិត​ចាប់​តាំង​ពី​វា​បាន​កើត ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ សម្រាប់​ចំនួនបាតុករចូលរួមនាសប្តាហ៍នេះ គឺ​ប្រមាណ៣២,២០០នាក់ (ដំបូងមានសេចក្តីរាយការណ៍ថាពី៧,០០០ទៅ៨,០០០នាក់) ធៀបទៅ​នឹង​អ្នក​ចូលរួម​ប្រហែល២៨,៦០០នាក់ កាលពីសប្តាហ៍មុន ប៉ុន្តែចំនួនទាំងអស់នេះ សុទ្ធតែទាបជាងឆ្ងាយ ធៀបនឹងចំនួន​បាតុករចូលរួម កាលពី​​បាតុ​កម្មបានចាប់ផ្តើមដំបូង ដែលមានជិត៣០០,០០០នាក់៕