(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃសៅរ៍នេះ បានអះអាងថានឹងចាត់វិធានការឆ្លើយតបចំពោះទណ្ឌកម្មថ្មីមួយរបស់សហភាព អឺរ៉ុប តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

ប្រតិកម្មរបស់ទីក្រុងម៉ូស្គូ កើតមានឡើងបន្ទាប់ពីសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យ សម្បត្តិមន្ត្រីរុស្ស៊ីជាច្រើននាក់ដែលមានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នានៅសមុទ្រ Azov Sea កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ជាពេលដែលរុស្ស៊ីបានរឹបអូសទូក និងចាប់នាវិកអ៊ុយក្រែន២៤នាក់។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាថ្មីរបស់សហភាពអឺរ៉ុប បានធ្វើឱ្យចំនួនជនជាតិរុស្ស៊ីដែលស្ថិតនៅក្នុងបញ្ជីខ្មៅនៃវិបត្តិអ៊ុយក្រែន កើនដល់១៧០នាក់ និងអង្គភាពចំនួន៤៤៕