(ប៉ារីស)៖ ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងប៉ូលិសបារាំងបានផ្ទុះឡើងសាជាថ្មីនៅក្នុងក្រុងបារីស ខណៈបាតុកម្ម តវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងបានឈានចូលដល់សប្ដាហ៍ទី១៨ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

បាតុកម្មតវ៉ានៅថ្ងៃសៅរ៍នេះ មានមនុស្សចូលរួមពី៧,០០០ ទៅ៨,០០០នាក់ ហើយការអំពើហិង្សាបានផ្ទុះឡើងនៅឯសង្កាត់ Champs-Elysees នៃទីក្រុងប៉ារីស បន្ទាប់ពីក្រុមបាតុករមួយចំនួនវាយកម្ទេចហាងទំនិញនៅតាមដងផ្លូវ។ ជាការឆ្លើយតប ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៣០នាក់។

គួរជម្រាបថា បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង បានឈានចូលសប្ដាហ៍ទី១៨ហើយ គិតចាប់តាំងពីវាបានកើត ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង៕