(នូវែលសេឡង់)៖ ជនសង្ស័យ​ភេរវករ​បាញ់សម្លាប់​មនុស្ស ៤៩នាក់​នៅនូវែលសេឡង់ ឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) ត្រូវបាន​គេអះអាងថា ធ្លាប់ជាមនុស្ស​ធម្មតាម្នាក់ ប៉ុន្តែអ្វីៗបាន​ផ្លាស់ប្ដូរបន្ទាប់ពីរូបគេ​បានធ្វើដំណើរទៅកាន់អឺរ៉ុប និង​កូរ៉េខាងជើង ដោយបានស្ពាយមកវិញនូវគំនិតជ្រុលនិយម​ និងរើសអើងពូជសាសន៍​មកជា​មួយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅ​ល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ប្រេនតុន តារ៉ែនត៍ មានអាយុ ២៨ឆ្នាំ បានចម្រើន​ធំធាត់នៅក្នុងទីក្រុង ហ្គ្រាហ្វតុន (Grafton) នៃភាគខាងជើងរដ្ឋ ញូសោតវែលស៍ (New South Wales) ជាទីដែលបុរសរូបនេះ​បានបញ្ចប់ការសិក្សា​ថ្នាក់វិទ្យាល័យ និងបម្រើការ​ក្នុងក្លឹបហាត់ប្រាណ​មួយកន្លែង​នៅក្នុងតំបន់ កាលពីឆ្នាំ២០០៩ មុនឈប់​ពីការងារនៅ​ឆ្នាំ២០១១។ ដោយឡែក ម្ចាស់ក្លឹបហាត់​ប្រាណ​ខាងលើ គឺលោកស្រី ត្រេសេយ ហ្គ្រេយ៍ (Tracey Gray) បានបញ្ជាក់ប្រាប់​សារព័ត៌មាន ABC​ ថា តារ៉ែនត៍ គឺជា​មនុស្សធម្មតា និងប្រឹងធ្វើការក្នុង​មានជាគ្រូបង្ហាត់ការហាត់​ប្រាណម្នាក់។ ប៉ុន្តែរូបគាត់​បាន​ផ្លាស់ប្ដូរបន្ទាប់ពីបានធ្វើដំណើរ​ទៅកាន់ ទ្វីបអឺរ៉ុប និងអាស៊ី ក្នុងនោះរួមមាន​ទាំង​កូរ៉េខាងជើង និងប៉ាគីស្ថាន​ជាដើម។

លើសពីនេះ​ទៅទៀត នៅក្នុងកំណត់ហេតុ​មានកម្រាស់ ៧៤ទំព័រ បុគ្គលឈ្មោះ តារ៉ែនត៍ ខ្លួនឯងបាន​និយាយថា បានចាប់ផ្ដើមគិត​ពីការវាយ​ប្រហារមួយនៅក្នុង​ខែមេសា និង​ខែឧសភា ឆ្នាំ២០១៧ នៅអំឡុងពេល​ធ្វើដំណើរទៅកាន់​ប្រទេសបារាំង និងបណ្ដាប្រទេស​អឺរ៉ុប ជាទីដែល​បុរសរូបនេះ​កាន់តែមានគំនិតស្អប់​ជន​អន្តោប្រវេសន៍។ នៅក្នុង​កំណត់ហេតុ​ដដែល តារ៉ែនត៍ បានអះអាងថា លោកចង់​យកគំរូតាមបុគ្គលជ្រុល​និយមក្នុងនោះ​មានដូចជា ឃាតក​ឈ្មោះ អាន់ដឺស បេរីង ប្រេយវីក (Anders Behring Breivik) ដែលបានសម្លាប់ មនុស្ស ៧៧នាក់​នៅក្នុងប្រទេសន័រវេស​កាលពី​ឆ្នាំ២០១១ និងកំពូល​អ្នកនយាបាយហ្វាស៊ីស​អង់គ្លេស លោក អូស្វាលដ៍ ម៉ូស្លេយ (Oswald Mosley) ជាដើម។

បើតាម​ការបញ្ជាក់​ចុង​ក្រោយរបស់​នាយករដ្ឋមន្ត្រី​នូវែលសេឡង់ លោកស្រី​ ចេស៊ីនដា អាដឺន (Jacinda Ardern) មនុស្ស ៤៩នាក់បានស្លាប់​នៅក្នុងការបាញ់ប្រហារ​កាលពីថ្ងៃសុក្រ និងមនុស្ស ៣៩នាក់​បន្តសម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​នៅឡើយ ក្នុងនោះមាន ១១នាក់​មានសភាពធ្ងន់ធ្ងរ។ ក្រោយចាប់ខ្លួន​ជនសង្ស័យ ប៉ូលិសបានរកឃើញ​កាំភ្លើង ០៥ដើម ក្នុងនោះមាន ០២ដើមជាប្រភេទកាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ។ បន្ថែមពីលើនេះ លោកស្រី ក៏បានសន្យាដែរថា រដ្ឋាភិបាល​នូវែលសេឡង់​នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រង​កាំភ្លើង ដើម្បី​បង្កើន​សុវត្ថិភាព​​គ្រប់គ្រង​អាវុធ​ឡើងវិញ។

គួរជម្រាបថា ជនសង្ស័យ​​ភេរវករ​ឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) អាយុ ២៨ឆ្នាំ និងជាពលរដ្ឋ​អូស្ត្រាលី​ត្រូវបាន​ចោទប្រកាន់ពីបទ​​មនុស្សឃាត ហើយរូបគេ​​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជាថ្មី​ក្នុងសវនាការ​លើក​ក្រោយ នៅឯតុលាការ​​ជាន់ខ្ពស់​នៃទីក្រុង ក្រៃស៍ឆឺច (Christchurch) នៅថ្ងៃទី០៥ ខែមេសា​ខាងមុខ។ ប៉ុន្តែមូលហេតុពិត​ប្រាកដនៃ​ការបាញ់​ប្រហារ​នេះ​មិនទាន់​មានការបញ្ជាក់​​ជាផ្លូវការនោះទេ ក្រៅពីនូវែលសេឡង់​ចាត់ទុកថាវាថា​ ជាអំពើ​ភេររវកម្ម​ដ៏សាហាវព្រៃផ្សៃបំផុត និង​ត្រូវបានរៀបចំគំរោងយ៉ាងល្អិតល្អន់​ជាយូរណាស់​មក​ហើយ៕