​(កាប៊ុល)៖ យោធាអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ​បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ​ច្រើនជាង ៥១នាក់​ត្រូវបានសម្លាប់ និង​ជាច្រើននាក់​រងរបួស នៅក្នុង​ស្រុក បាឡា មើហ្គាប់ (Bala Murghab) ខេត្ត​បាដហ្គីស (Badghis) នៃភាគខាងលិច​ប្រទេសអាហ្វហ្គានីស្ថាន​ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។​

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន យោធា​អាហ្វហ្គានីស្ថានបានបញ្ជាក់ទៀតថា ខ្លួនបានប្រើប្រាស់​យន្ដហោះចម្បាំង និង កាំភ្លើងក្នុង​ការវាយប្រហារប្រឆាំង​នឹងក្រុម​សកម្មប្រយុទ្ធ​តាលីបង់ ហើយជា​លទ្ធផលក្រុមសកម្មប្រយុទ្ធ​មួយនេះ ៥១នាក់​ត្រូវបាន​សម្លាប់។ ប៉ុន្តែក្រុម​សកម្មប្រយុទ្ធ​តាលីបង់ មិនទាន់​ធ្វើអត្ថាធិប្បាយណាមួយ​នៅ​ឡើយទេ៕